(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ប្រមាណជាង ៣០,០០០នាក់។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះធ្វើឡើងចំនួន ៦ទីតាំងផ្សេងៗគ្នា នៃក្រុង ស្រុកទាំង៣ខាងលើ រួមមាន៖
ទី១៖ ក្រុងក្រចេះ ត្រូវចាក់នៅទីតាំង នៅក្នុងមន្ទីរសុខាភិបាលខេត្ត ក្រោយសាលាខេត្ត មណ្ឌលសុខភាពសង្កាត់អូឫស្សី សាលាបឋមសិក្សាក្រគរ និងនៅសាលាសង្កាត់កោះទ្រង់ ក្រុងក្រចេះ។
ទី២៖ ស្រុកឆ្លូង មានទីតាំង នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិឆ្លូង។
និងទី៣៖ ស្រុកព្រែកប្រសព្វ មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក។
បើតាមលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានលើកឡើងថា «នេះជាយុទ្ឋនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី៣ សម្រាប់ខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋជាង៣ មុឺននាក់»។
លោកបានបន្តថា ដោយមានការគិតគូពីប្រមុខថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំពុះពារស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារពីការចម្លងជំងឺកូវីដ-១៩ ដែលកំពុងតែយាយីពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនោះ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវមើលស្រាលជំងឺកូវីដ-១៩ នោះដែរ ព្រោះវាអាចឆ្លងគ្រប់ពេលបើសិនជាយើងមានការធ្វេសប្រហែស ហើយយើងក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗ នាពេលខាងមុខនេះ៕