(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួម ប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន បានអមដោយគណៈប្រតិភូរួមមាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសមាជិករាជរដ្ឋាភិបាលជានាក់ទៀត។
ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា ក្រោមមូលបទ «ការចែករំលែកទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាល បណ្តាប្រទេសមេគង្គ និងចិន អនុម័តនូវឯកសារចំនួន៣រួមមាន៖
១-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២-សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣-គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
នៅថ្ងៃទី២៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គ របស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវសម្រាប់អាស៊ីក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី»៖ កម្លាំងចលកថ្មី ចក្ខុវិស័យថ្មី។
ក្រសួងការបរទេស ក៏បានឱ្យដឹងទៀតថា ក្រៅពីគ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាំរកា ឌីដ្វូរកូវីច ផងដែរ៕