(ភ្នំពេញ)៖ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ឆាប់ៗនេះនឹងមានការដាក់ឱ្យព្យាបាលនៅតាមផ្ទះ ក្នុងខេត្តកណ្តាល ហើយនឹងបន្តគិតគូរទៅខេត្តផ្សេងទៀត នៅជំហានបន្ទាប់ផងដែរ។
លោកថ្លែងបែបនេះ ក្នុងឱកាសដែលក្រសួងសុខាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
លោក ង៉ូវ កាង បានបញ្ជាក់យ៉ាងដូច្នេះ៖ «នៅក្នុងប្រកាសលេខ ២៩៦ របស់ក្រសួងសុខាភិបាល បាននិយាយថា បច្ចុប្បន្នយើងដាក់ឲ្យដំណើរការតែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនឹងមានការដាក់នៅតាមខេត្តជាបន្តបន្ទាប់ទៀត ទៅតាមខេត្តនានា នៅពេលដែលចាំបាច់ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយអភិបាលខេត្តថា ក្នុងខេត្តរបស់គាត់មានតម្រូវការចាំបាច់ហើយ ដែលត្រូវដាក់ជាបន្ទាន់តាមផ្ទះទៀត ដោយមូលហេតុមណ្ឌលព្យាបាលយើងត្រៀមសម្រាប់អ្នកជំងឺធ្ងន់ និងមធ្យម ឯអ្នកជំងឺស្រាលនៅតាមផ្ទះ»។
លោកបន្តថា «ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងបន្តដាក់នៅខេត្តកណ្តាល ឬក៏ខេត្តណា ដែលមានចំនួនច្រើន តាមតម្រូវការចាំបាច់ ប៉ុន្តែអ្វីដែលជាការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺដាក់នៅខេត្តកណ្តាល»។
រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ២៦៨នាក់ផងដែរ ដែលបានជាសះស្បើយ។ នេះបើតាម លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
លោកបានឱ្យដឹងថា សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ នៅតាមផ្ទះសម្រាប់បណ្តាខណ្ឌខ្លះ គឺមិនមានភាពស្មើគ្នានោះទេ ពោលបើគិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅខណ្ឌសែនសុខ មានចំនួន២២៦នាក់ នៅខណ្ឌមានជ័យ មានចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ មានចំនួន១១៨នាក់, ខណ្ឌបឹងកេងកង ៩៨នាក់, ខណ្ឌដង្កោ ៨៩នាក់, ខណ្ឌឫស្សីកែវ មានចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ មានចំនួន៥៨នាក់, ខណ្ឌដូនពេញ មានចំនួន៥៤នាក់, ខណ្ឌចំការមន មានចំនួន៥៣នាក់, ខណ្ឌទួលគោក មានចំនួន៣៩នាក់ និងខណ្ឌកំបូល ៣៤នាក់, ខណ្ឌជ្រោយចង្វារ ៣០នាក់ ខណៈខណ្ឌព្រែព្នៅ មានអ្នកជំងឺព្យាបាលតិចជាងគេ។
ការរៀបចំព្យាបាល និងថែទាំអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ គឺដើម្បីទុកន្លែងព្យាបាលនេះឱ្យអ្នកជំងឺធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគាត់ពីជំងឺកាចសាហាវ៕