(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ១៦១នាក់ទៀត ខណៈអ្នកជំងឺ ២នាក់ស្លាប់ និងជាសះស្បើយថ្មី ៥៥នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានថ្មីនេះ ករណីទី១ ដល់ទី៣៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី។ ករណីទី៣៥ ដល់ទី៤១ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤២ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។
ករណីទី៤៣ ដល់ទី១២៥ ជាករណីមានប្រភពចម្លងចេញពីការដ្ឋាន Rosae Apple Sqare, ករណីទី១២៦ ដល់ទី១២៨ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ, ករណីទី១២៩ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ និងករណីទី១៣០ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង។
ករណីទី១៣១ ដល់ទី១៤៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី១៤៨ ដល់ទី១៦១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ដោយឡែកអ្នកជំងឺដែលជាសះស្បើយទាំង ៥៥នាក់ ត្រូវក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២នាក់ រួមមាន៖ ទី១៖ ឈ្មោះ តូច សត្យា ភេទប្រុស អាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែកក្កដា និងបានស្លាប់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖០៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ទី២៖ ឈ្មោះ ម៉ាប់ សុខុម ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋានភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែកក្កដា និងបានស្លាប់នៅថ្ងៃទី១១ ខែកក្កដា វេលាម៉ោង១៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២,៤៤១នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៨១៨នាក់ ស្លាប់២៤នាក់ និង ១,៥៩៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕