(ភ្នំពេញ)៖ ទីបំផុតរដ្ឋសភា ពេលនេះបានសម្រេចស្នើឱ្យ លោក កឹម សុខា តំណាងរាស្រ្ត និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឆ្លើយបំភ្លឺចំពោះរឿងអាស្រូវស្នេហារបស់លោក ដែលបានបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ហើយ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើលិខិតមួយផ្ញើជូន លោក កឹម សុខា ដើម្បីឱ្យបំភ្លឺទៅនឹងរឿងអាស្រូវស្នេហារបស់លោក បន្ទាប់ពីរដ្ឋសភាទទួលបានពាក្យបណ្តឹងរបស់ក្រុមនិស្សិត ដឹកនាំដោយ លោក ស្រី ចំរើន។
លិខិតរបស់លោកឡេង ប៉េងឡុង ចុះថ្ងៃទី២១មីនា បានសរសេរថា «យោងតាមលិខិតលេខ០០៨ ចុះថ្ងៃទី១៥មីនាឆ្នាំ២០១៦របស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយសជាតិនិងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្ត្រ ឯកឧត្តម ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជូនញត្តិនេះទៅឯកឧត្តម កឹម សុខា»។
លិខិតពីរដ្ឋសភាដដែល បានសរសេរប្រាប់លោក កឹម សុខា ថា រដ្ឋសភាបានទទួលញត្តិស្នើសុំពីតំណាងយុវជននិងនិស្សិត គឺលោក ស្រី ចំរើន ដែលបានស្នើសុំឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺចំពោះខ្សែអាត់ សំឡេងស្នេហាអសីលធម៌ ដែលសង្ស័យថាជាសម្លេងរបស់លោក។
លិខិតពីរដ្ឋសភាដដែល បានសរសេរថា «សុំឱ្យ ឯកឧត្តម កឹម សុខា ពិនិត្យពិចារណា និងផ្តល់នូវការបំភ្លឺតាមសំណើឲ្យបានឆាប់តាមការគួរ »៕