(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ថា «ជាមោទនភាពរបស់យុវជនដែលជាសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានទទួលនូវការទុកចិត្តពីគណបក្សធំជាងគេ ចាស់ទុំជាងគេ មានស្នាដៃច្រើនជាងគេ វាជាភាពជោគជ័យ និងមោទនភាពរបស់យើង។ ប៉ុន្តែមកដល់ពេលនេះយើងមានសុខសន្តិភាព គឺដោយសារគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ យើងបានបង្រួបបង្រួមគ្នា ជោគជ័យរបស់យុវជនយើង គឺអាស្រ័យសកម្មភាពយុវជននៅមូលដ្ឋាន ដែលបងប្អូនមានឆន្ទៈចូលរួមធ្វើសកម្មភាពជួយដល់គណបក្ស និងប្រជាជន ដែលជាការផ្តល់ឱកាសពីគណៈកម្មាការបក្សស្រុក-ឃុំ»។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «នៅឆ្នាំ២០១៣ គេបានវាយយើងគ្រប់មធ្យោបាយ និងអស់លទ្ធភាព ប៉ុន្តែយើងនៅតែរក្សាជ័យជម្នះបាន ដោយសារកម្លាំងមហាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះយុវជនត្រូវតែមានទំនុកចិត្ត»។
លោក ហ៊ុន ម៉ាណែត បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការចូលរួមសកម្មភាពលើកស្ទួយវប្បធម៌ជាតិនៅសហរដ្ឋអាមេរិច ក្នុងនាមជាខ្មែរបើទោះ និងបានស្នើឱ្យគណបក្សប្រឆាំង ចូលរួមសកម្មភាពលើយស្ទួយវប្បធម៌ជាតិ និងរួបរួមគ្នាក្នុងនាមជាខ្មែរ។
សូមបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន និងមានការចូលរួមពីក្រុមការងារ សកម្មជនយុវជនជាច្រើននាក់ផងដែរ។
តាមរបាយការណ៍ប្រធានគណៈកម្មាធិការគណបក្សស្រុកកោះសូទិន បានឱ្យដឹងថា ក្រុមសកម្មយុវជនគណបក្សប្រជាជនមានចំនួន ៣៥៤នាក់ ស្រី១០៥នាក់ បានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានដូចជាការងារមនុស្សធម៌ ការចុះជួបប្រជាពលរដ្ឋ កម្មវិធីបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗជាច្រើនទៀត៕