(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប បានផ្តល់នូវអនុសាសន៍ចំនួន ៣ចំណុច ដល់ក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធ ដើម្បីឱ្យទទួលបានជោគជ័យតាមផែនការកំណត់។

ការផ្តល់អនុសាសន៍ទាំង៣ចំណុច របស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលសម្តេចបានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ Zoom។

អនុសាសន៍ទាំង៣ចំណុចនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមាន៖

ទី១៖ ចំពោះក្រុមការងារប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្តក្រុងស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំផែនការ សកម្មភាពការងារ និងកម្មវិធីចាក់វ៉ាក់សាំងនៅតាមមណ្ឌលនីមួយៗឱ្យបានជាក់លាក់។ ជាមួយគ្នានេះ សមាជិកក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវធ្វើតេស្តរហ័ស និងត្រៀមរៀបចំឧបករណ៍ សម្ភារៈការពារឱ្យបានគ្រប់ៗគ្នាមុននឹងដំណើរការចាក់វ៉ាក់សាំងជាក់ស្តែង និងត្រូវសម្របសម្រួលសណ្តាប់ធ្នាប់ឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ធ្វើការគ្រប់គ្រងចំនួនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងតាមមណ្ឌលនីមួយៗ ទៅតាមផែនការ កម្មវិធីលម្អិត ជៀសវាងប្រជាជនមកប្រមូលផ្តុំជួបជុំច្រើន បាត់សណ្តាប់ធ្នាប់ និងខុសពីការណែនាំក្រសួងសុខាភិបាល និងត្រូវរៀបចំកន្លែងស្នាក់នៅ កន្លែងហូបចុក ជូនក្រុមការងារចាក់វ៉ាក់សាំង ប្រកបដោយផាសុខភាព។ យកចិត្តទុកដាក់ ថែទាំ ប្រើប្រាស់ ដឹកជញ្ជូន រក្សាទុកកាកសំណល់វ៉ាក់សាំង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ឱ្យមានប្រសិទ្ធភាពតាមលក្ខណៈបច្ចេកទេសសុខាភិបាល។

ទី២៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំការងារគ្រប់ផ្នែកដំណើរការឱ្យបានរលូនដូចជា៖ ផែនការ កម្មវិធីចាក់វ៉ាក់សាំង កំណត់មណ្ឌល និងចំនួនប្រជាពលរដ្ឋចាក់វ៉ាក់សាំងតាមថ្ងៃនីមួយៗ ឱ្យស្របជាមួយចំនួនសមាជិកក្រុមគ្រូពេទ្យ។ រៀបចំសេចក្តីជូនដំណឹងដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតចូលរួមចាក់វ៉ាក់សាំងតាមផែនការ និងកម្មវិធីលម្អិតនៅតាមមណ្ឌលនីមួយៗ។ រៀបចំក្រុមការងារចុះសហការជាប់ជាប្រចាំជាមួយក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ និងរៀបចំគ្រុប Telegram ខេត្តងាយស្រួលទំណាក់ទំនងការងារប្រចាំថ្ងៃបានទាន់ពេលវេលា។

និងទី៣៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ជួយជម្រុញដល់មន្ត្រីមូលដ្ឋាន ចូលរួមអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ឱ្យមានប្រសិទ្ធភាព និងជួយគាំទ្រតាមលទ្ធភាពជាក់ស្តែង ក្នុងពេលក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ចុះចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុកនីមួយៗ ដែលជាការបង្ហាញពីកិច្ចសហការ គាំទ្រ និងជួយលើកទឹកចិត្តដល់ក្រុមការងារគ្រប់ផ្នែក។

ជារួមក្រុមការងារពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក សហការគ្នាឱ្យបានជិតស្និទ្ធដោយប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប និងវិធានការសរុប ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងឱ្យសម្រេចជោគជ័យតាមផែនការ៕