(ភ្នំពេញ)៖ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រាប់ឲ្យដឹងថា ភាគីជប៉ុនតំណាងដោយលោក Masakazu Hamachi អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានកោតសរសើរដល់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រើប្រាស់បណ្តាញសង្គម Facebook បានយ៉ាងល្អ ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។
ភាគីជប៉ុន បានបញ្ជាក់ថា ភាគីជប៉ុនបានសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន តែងមានការទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមបណ្តាញសង្គម Facebook ដោយមានការឆ្លើយឆ្លង និងអន្តរាគមន៍ជាមួយប្រជាពលរដ្ឋជាប់ជានិច្ច ខុសប្លែកពីលោក ស៊ិន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន ដែលប្រើប្រាស់បណ្តាញសង្គម Facebook ដូចគ្នា តែពុំបានឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋដូច លោកនាយករដ្ឋមន្រ្តីកម្ពុជាឡើយ។
ការលើកឡើងរបស់ភាគីជប៉ុន នាពេលនេះ បានធ្វើឡើងក្រោយពិធីចុះហត្ថលេខារវាងភាគីកម្ពុជា និងភាគីជប៉ុន លើការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជាង៥៣លានដុល្លារ ដែលជាថវិកាសម្រាប់គ្រោងជួសជុលស្ពានជ្រោយចង្វារ កម្មវិធីបោសសម្អាតមីន និងជួសជុលផ្លូវជាតិលេខ៥ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។
ទឹកប្រាក់ជាង៥៣លានដុល្លារនោះ មានហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤,៧១៥លានយ៉េន សំរាប់អនុវត្តគម្រោង២ រួមមានធ្វើឲ្យប្រសើរឡើងវិញ នូវស្ពានជ្រោយចង្វារដែលមានទឹកប្រាក់ ចំនួន៣,៣៤៣លានយ៉េន និងជំនួយសម្ភារ បច្ចេកទេសបោសសំអាតមីន ដំណាក់កាលទី៧ ដែលមានទឹកប្រាក់ ចំនួន១,៣៧២លានយ៉េន។ ដោយឡែកឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ១៧.,៩៨លានយ៉េនទៀត សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងវិញ នូវផ្លូវជាតិលេខ៥កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី២។
លោក កៅ គឹមហួន បានបន្តថា សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោឲ្យកាន់តែរីកចម្រើនទៅមុខ។ សម្តេចជឿជាក់ថា ការចុះហត្ថលេខានេះ នឹងបង្កើនចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនថែមមួយកំរិតទៀត។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕