(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា បញ្ហាសុខភាពសាធារណៈដ៏ធំនៅក្នុងប្រទេស តំបន់ និងពិភពលោក គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ មានតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ ដែលធ្វើឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ និងជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងការរាតត្បាត រួមជាមួយនឹងវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ និងវិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ។

ការលើកឡើងបែបនេះ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ បាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលសម្តេចបានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ Zoom។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ, លោក ទៀ សីហា អភិបាលខេត្តសៀមរាប អភិបាលរងខេត្តសៀមរាប លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១២ មន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង១២ ផងដែរ។

នៅក្នុងពិធីបើកកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនថា ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ បានធ្វើឱ្យកម្ពុជាទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ហើយនាពេលថ្មីៗនេះ ថែមទាំងមានមេរោគបំប្លែងថ្មី -Delta Delta-Plus ថែមទៀត ក្នុងនោះក៏មានខេត្តសៀមរាបកំពុងទទួលការរីករាលដាលជំងឺកូវីដ១៩នេះ កួរកត់សម្គាល់ផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ «ទោះបីរាជរដ្ឋាភិបាលបានខិតខំចាត់វិធានការទប់ស្កាត់គ្រប់បែបយ៉ាងក្តី ក៏ប៉ុន្តែការរីករាលដាលនៅមានភាពស្មុគស្មាញ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឱ្យប្រជាពលរដ្ឋឆ្លង និងស្លាប់ក្នុងព្រឹត្តិការណ៍នេះកាន់តែកើនឡើងគួរឲ្យមានការព្រួយបារម្ភ។

ប្រការនេះ បានបង្ហាញថា បញ្ហាសុខភាពសាធារណៈដ៏ធំនៅក្នុងប្រទេស តំបន់ និងពិភពលោក គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ មានតែការចាក់ក់សាំងកូវីដ១៩ទេ ដែលធ្វើឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ និងជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងការរាតត្បាត រួមជាមួយនឹងវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ»។

នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបជូនអង្គប្រជុំជ្រាបពីផែនការប្រើប្រាស់ក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ ដែលត្រូវចុះយុទ្ធនាការនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ លោក ទៀ សីហា ក៏បានរាយការណ៍ពីការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់សហការជាមួយក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដំណើរការចាក់វ៉ាក់សាំងឱ្យសម្រេចបានជោគជ័យតាមផែនការ។

នៅក្នុងកិច្ចបិទប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់វ៉ាក់សាំងជូនខេត្តសៀមរាប បានទាន់ពេលវេលា ក្នុងពេលខេត្តកំពុងរងការរីករាលដាលជំងឺកូវីដ១៩ គួរឱ្យមានការព្រួយបារម្ភ និងបានធ្វើការវាតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ដែលបានសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងការត្រៀមរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តសៀមរាបយើងនេះ៕