(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងស្នើសុំការគាំទ្រ ពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ជួយដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានានៅស្រុកកោះធំ។

លោកទេសរដ្ឋមន្ត្រី បានស្នើសុំស្នើសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទប្រចាំនៅកម្ពុជា ជួយដូចជាការរៀបចំកែលម្អអាគារមន្ទីរពេទ្យ ការបំពាក់ សម្ភារបរិក្ខាវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបំប៉នជំនាញ ឯកទេសវេជ្ជសាស្ត្របន្ថែមឱ្យដល់គ្រូពេទ្យ និងគាំទ្រចាំបាច់ផ្នែកសុខភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់ ដល់ការផ្តល់ សេវាថែទាំ និងព្យាបាលអ្នកជំងឺ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក រួមជាមួយគណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ចុះពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកកោះធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងលោកចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាស្រុកកោះធំ ដើម្បីលើកកម្ពស់ការថែទាំសុខភាព របស់អ្នកស្រុកកោះធំ ដែលមានតម្រូវការ ចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំឱ្យកាន់តែប្រសើរឡើងថែមមួយ កម្រិតទៀត។

បន្ថែមពីនេះដែរទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ តាមរយៈការផ្ដល់ ព័ត៌មានត្រឹមត្រូវ ការសម្រេចចិត្តត្រឹមត្រូវ ការផ្ដល់និងការប្រើប្រាស់សេវាសុខភាពត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋស្រុកកោះធំឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការ រីកចម្រើនថែមទៀត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ គណៈប្រតិភូសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា បានចុះបំពេញទស្សនកិច្ចស្រុកកោះធំ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពលរដ្ឋស្រុក កោះធំ និងស្វែងយល់អំពីការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកកោះធំនៅតាមមូលដ្ឋានថា តើមានការរីកចម្រើនដល់កម្រិតណាផងដែរ៕