(ស្វាយរៀង)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកនូវទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឈគង់ចាំព្រះវស្សានៅវត្តចំនួន១៩វត្ត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានសំណេះសំណាលជាមួយពុទ្ធបរិស័ទ តាជីយាយជីដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យដង្ហែទៀនព្រះវស្សា ដោយសម្តែងនូវសេចក្តីរីករាយ និងទឹកចិត្តជ្រះថ្លា។

ទេយ្យវត្ថុក្នុងមួយវត្តៗទទួលបានរួមមានទានវស្សា១គូរ អង្ករ១០០គីឡូក្រាម មី៦កេសទឹកផ្លែឈើ៥កេស ទឹកស៊ីអ៉ីវ៥យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធ៥កេស ម៉ាស់៥០០ម៉ាស់ និងបច្ច័យ៥០ម៉ឺនរៀល។ ពិធីនេះបានប្រារព្ធរួមគ្នា នៅវត្តព្រៃអង្គុញស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ វត្តទាំង១៩ ក្នុងនោះសង្កាត់បាវិតចំនួន០៤ វត្តសង្កាត់ច្រកម្ទេសចំនួន០៥ វត្តសង្កាត់ព្រៃអង្គុញចំនួន០៣ វត្តសង្កាត់បាទីចំនួន០៥ វត្តសង្កាត់ប្រាសាទចំនួន ០២វត្ត។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថាដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ សម្រាប់ធ្វើការអភិវឌ្ឍ គ្រប់វិស័យជាពិសេសវិស័យព្រះពុទ្ធសាសនា។ នេះជាពេលវេលាមួយយ៉ាងសមរម្យ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើបុណ្យទាន និងសន្សំកុសលផលបុណ្យរៀងខ្លួនៗនៅតាមបណ្ដាវត្តអារាមទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្រុងបាវិត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជម្ងឺឆ្លងកូវីដ ដោយអនុវត្តន៍ឲ្យខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ«៣កុំ ៣ការពារ» និងត្រូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ បានគ្រប់ៗគ្នាតាមផែនការដាក់ចេញរបស់សាលាក្រុងបាវិត។

ទេសរដ្ឋមន្រ្តីបានសម្តែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ ប្រជាពលរដ្ឋដោយសារជំងឺឆ្លងកូវីដ-១៩ ព្រមទាំងបានបួងសួងឲ្យ ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ និងកំពុងសម្រាកនៅមន្ទីរពេទ្យឆាប់ជាសះស្បើយពីរោគរាតត្បាតនេះ៕