(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី ២១ ខែ មីនា ឆ្នាំ ២០១៦ បានបើកសវនាការជំនុំជម្រះ ទៅលើតារា Facebook ឈ្មោះ ផែង វណ្ណៈ និងឈ្មោះ ហង្ស បូរី ពីបទ «ផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ» ទៅលើលោកស្រីឧកញ៉ា កែវ ម៉ាលី ជាសមាជិកព្រឹទ្ឋសភា និងជាម្ចាស់ខុនដូវិមានចរណៃ និងឧត្តមសេនីយ៍ឯក សៀក សុជាតិ តាម Facebook ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កក្កដា និងសីហា ឆ្នាំ២០១៥។
លោកចៅក្រម តុប ឈុនហេង បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា៖ ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ហង្ស បូរី ភេទស្រី អាយុ ៥៤ឆ្នាំ ។ ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ» តាមបញ្ញាតិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ កម្ពុជា។ ជនជាប់ចោទត្រូវបានប្តឹងដោយ លោកស្រីឧកញ៉ា កែវ ម៉ាលី ជាសមាជិកព្រឹទ្ឋសភា និងជាម្ចាស់ខុនដូវិមានចរណៃ ដែលមានសំណុំរឿងចុះបញ្ជីនៅតុលាការ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿងក្តីនេះ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
សូមជំរាបថា លោក ផែង វណ្ណៈ ដែលគេដឹងថា ជាតារា Facebook ម្នាក់លើការរិះគន់ និងវាយប្រហារ គណបក្សប្រឆាំងនោះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្តងទៀត តបតាមពាក្យបណ្តឹងរបស់លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ដែលបានប្តឹងលោកពីបទ «បរិហារករ្តិ៍»។
លោក ផែង វណ្ណៈ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា «នៅរសៀលថ្ងៃនេះ ខ្ញុំឡើងតុលាការសារជាថ្មីតាមពាក្យបណ្តឹង របស់លោកជំទាវ កែវ ម៉ាលី ដែលបានប្តឹងខ្ញុំ ពីបទបរិហារកេរ្តិ៍ តាមរយៈការផ្សាយបន្តពីលោក ព្រំ សាន ជុំវិញរឿងរ៉ាវទំនាក់ទំនងស្នេហារ វាងលោកជំទាវ និងលោកឧត្តមសេនីយ៍ សៀក សុជាតិ»។
សម្រាប់លោក ផែង វណ្ណៈ នៅតែអះអាងថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយលោកស្រី កែវ ម៉ាលី ក៏បានប្តឹងលោកម្តងរួចមកហើយ ប៉ុន្តែត្រូវបានតុលាការសម្រេចឲ្យកាត់របៀប ស្រាប់តែពេលនេះគាត់ប្តឹងម្តងទៀត។
យ៉ាងណាក៏ដោយ អ្នកប្រើបណ្តាញសង្គមដ៏ល្បីឈ្មោះរូបនេះ មានជំនឿថា តុលាការនឹងសម្រេចប្រកបដោយសុភវិនិច្ឆ័យ ផ្តល់យុតិ្តធម៌ជូនលោកជាក់ជាតិមិនខានឡើយ។ ជុំរឿងបណ្តឹងខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបាននៅឡើយទេ ពីលោកស្រី កែវ ម៉ាលី ពីព្រោះគ្មានលេខទាក់ទង៕