(ឡាហាវ៉ាន់)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូម៉ា និងភរិយាបានមកដល់គុយបាជាលើកដំបូង ក្នុងនាមជាមេដឹកនាំអាមេរិក ដែលមិនធ្លាប់ជាន់ដីកោះនេះអស់រយៈពេលជាង៨០ឆ្នាំមកហើយ។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។
ទស្សនកិច្ចរបស់លោក អូបាម៉ា និង លោកស្រីមីឆែល មកកាន់ទីក្រុងឡាហាវ៉ាន់ ត្រូវបានក្រុមអ្នកតាមដាននានា លើកឡើងថា ជាឱកាសដែលគុយបា អាចរួចផុតពីទណ្ឌកម្មពីអតីតកាល និង បង្ហាញខ្លួនលើឆាកអន្តរជាតិ ឡើងវិញដើម្បីស្តារសេដ្ឋកិច្ច។ មកដល់គុយបាថ្ងៃដំបូង លោក អូបាម៉ា បានជួបពិភាក្សាតទល់នឹងលោក រ៉ាអ៊ូល ខាស្ត្រូ ប្រធានាធិបតីរបស់ប្រទេសគុយបា។
គួរបញ្ជាក់ថា អតីតសត្រូវទាំងពីរបាន ចាប់ផ្តើមគិតគូលើកិច្ចព្រមព្រៀងវិស័យសេដ្ឋកិច្ចជាង ១០គម្រោង ដូចជា ការវិនិយោគលើថាមពលកកើតឡើងវិញ, ការរុករុកប្រេង និងហ្គាស, វិស័យទេសចរណ៍, និង ពាណិជ្ជកម្មជាទូទៅរវាងប្រទេសទាំងពីរ។ លោក អូបាម៉ា ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុង សន្និសីទសារព័ត៌មានដ៏ធំមួយនៅឡាហាវ៉ាន់ ដើម្បីឆ្លើយតបរាល់សំនួររបស់ក្រុមអ្នកសារព័ត៌មាន៕