(ស្វាយរៀង)៖ ម៉ាសចំនួន ១៨៦ កេស ស្មើនឹង១៨៦,០០០ម៉ាស ពីក្រុមហ៊ុនវៀតណាម THIEN THUY PHAT ត្រូវបានប្រគល់ជូន លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ។ អំណោយដែលផ្តល់ជូននាពេលនេះ ធ្វើឡើងតាមរយៈចលនាកៀរគរជំនួយពីសប្បុរសជនរបស់ លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របពេលដែលជំងឺកូវីត-១៩ បាននិងកំពុងរីករាលដាលខ្លាំង រហូតមានអ្នកឆ្លងរាប់ពាន់នាក់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ផងដែរ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើង នៅក្រុងបាវិត ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ក្រោមវត្តមានរបស់ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក តំណាងរបស់លោកស្រី ឃួន សុដារី លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសវៀតណាម តំណាងកុងស៊ុលនៃឯកអគ្គកុងស៊ុលកម្ពុជាប្រចាំវៀតណាម តំណាងមន្រ្តីកិច្ចការបរទេសខេត្តតាយនិញ និងសហការីជាច្រើនរូបទៀត ។
នាឱកាសនោះដែរ ក្រុមការងារតំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំនូវការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រី Phung Mong Diem Loan ម្ចាស់ក្រុមហ៊ុនវៀតណាម THIEN THUY PHAT តាមរយៈលោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម និងលោក Mai Thu Trinh ប្រធានក្រុមហ៊ុន TL Group Joint Stock ដែលបានកៀរគរ និងធ្វើការសម្របសម្រួលក្នុងការឧបត្ថមម៉ាស់ទាំងនេះមក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅប្រទេសកម្ពុជានាពេលនេះ៕