(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងក្រុមហ៊ុនយូនីលីវើ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោកក្រោម ប្រធានបទ «សុខភាពមាត់ធ្មេញល្អ រាងកាយមាំមួន» ដើម្បីបញ្ជ្រៀបឲ្យកុមារ និងអាណាព្យាបាលទទួលពីសារៈសំខាន់នៃការដុសធ្មេញមួយថ្ងៃពីរដង ក្នុងការលើកកម្ពស់សុខភាពមាត់ធ្មេញ ក៏ដូចជាសុខភាពរាងកាយទូទៅ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អេង ហួត បានថ្លែងថា នេះជាលើកទីពីរហើយ ដែលកម្ពុជា បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងពិភពលោក ប្រារព្ធទិវាសុខភាពមាត់ធ្មេញនេះ ហើយបើតាមការសិក្សាស្រាវជ្រាវកន្លងមកឲ្យដឹងថា បញ្ហាមាត់ធ្មេញជាបញ្ហាធំមួយ ដែលត្រូវការយកចិត្តទុកដាក់តាមដាន និងដោះស្រាយក្នុងរយៈពេលវែងមិនកំណត់។ ក្រៅពីប៉ះពាល់ដល់សម្រស់ បញ្ហាសុខភាពមាត់ធ្មេញ ក៏បានបង្កឲ្យមានជំងឺផ្សេងៗជាច្រើន ហើយជំងឺរ៉ាំរ៉ៃប្រមាណ ៨០ភាគរយ បង្កឡើងដោយសុខភាពមាត់ធ្មេញមិនល្អ ហើយដូច្នេះ ការថែទាំធ្មេញឲ្យល្អ និងរឹងមាំគឺសំខាន់ខ្លាំងណាស់ ។
លោក Fredy Ong អភិបាលក្រុមហ៊ុន យូនីលីវើប្រចាំកម្ពុជា និងឡាវ បានឲ្យដឹងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺជួយលើកកម្ពស់សុខភាពមាត់ធ្មេញរបស់កុមារ និងឪពុកម្ដាយចំនួន ១០០ លាននាក់ទូទាំងពិភពលោក ត្រឹមឆ្នាំ២០២០ តាមរយៈការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពមាត់ធ្មេញ។ ចំពោះកម្ពុជាវិញ ក្រុមហ៊ុន មានគម្រោងថានឹងលើកកម្ពស់សុខភាពមាត់ធ្មេញ ដល់ប្រជាជនកម្ពុជាឲ្យបាន ៣លានគ្រួសារ គិតត្រឹមឆ្នាំ ២០២០។
លោកបានបន្ដថា នៅឆ្នាំនេះ ក្រុមហ៊ុនយូនីលីវើ គ្រោងចំណាយថវិកាជាង ២៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់យុទ្ធនាការលើកកម្ពស់សុខភាពមាត់ធ្មេញនៅកម្ពុជាចន្លោះពីខែមករា ដល់ខែមេសា ហើយក្នុងអំឡុងពេលនេះ ក្រុមការងាររបស់ក្រុមហ៊ុន និងទន្តពេទ្យស្ម័គ្រចិត្ត នឹងចុះទៅធ្វើការអប់រំ ពិនិត្យ និងព្យបាលសុខភាពមាត់ធ្មេញជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៤៨៩.២០០នាក់។ ទន្ទឹមនឹងនេះ ក្រុមការងារនឹងចែកជូននូវថ្នាំដុសធ្មេញម៉ាក ស៊ីកណល ចំនួន ៤៨៩.២០០ដើម និងច្រាសដុសធ្មេញម៉ាក ស៊ីកណល ៨៩.២០០ច្រាស ដោយឥតគិតថ្លៃផងដែរ។
លោកបន្ថែមថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោក ក្នុងថ្ងៃនេះ នឹងផ្ដល់នូវវិភាគទានវិជ្ជមានយ៉ាងច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងសង្គមទាំងមូលក្នុងការលើកកម្ពស់អនាម័យមាត់ធ្មេញផ្ទាល់ខ្លួន និងជាពិសេសចូលរួមក្នុងការកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺដែលបណ្ដាលមកពីបញ្ហាមាត់ធ្មេញ ដោយគ្រាន់តែអនុវត្តនូវវិធីងាយៗ គឺធ្វើការដុសសម្អាតធ្មេញឲ្យបានមួយថ្ងៃ ២ដង រៀងរាល់ពេលព្រឹក និងពេលល្ងាច ឬពេលយប់មុនចូលគេងឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីការពារយើងពីបញ្ហាដង្កូវស៊ីធ្មេញ»។
គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវក៏បានបង្ហាញដែរថា ជាង ៩០ភាគរយ នៃកុមារអាយុ ៦ឆ្នាំ និង ៨០ភាគរយនៃមនុស្សពេញវ័យ អាយុពី ១៥ដល់ ៤៥ឆ្នាំ មានជំងឺពុកធ្មេញ។ ទិន្នន័យក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋកម្ពុជាដែលទម្លាប់ដុសធ្មេញ ២ដងក្នុងមួយថ្ងៃ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ៕