(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា រង្វង់មូលមុខស្ពានថ្មថ្មីផ្លូវលេខ១០១ ក្រុងពោធិ៍សាត់ ដែលគ្រោងសាងសង់ នាពេលខាងមុខ គឺត្រូវដាក់រូបក្បាលនាគ មានកន្ទុយវ័ន្តជុំវិញមានអង្កត់ផ្ចិត១២ម៉ែត្រ កាំអង្កត់ផ្ចិត០៦ម៉ែត្រ និង ចំណីផ្លូវ១៤ ទៅ១៦ម៉ែត្រ។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំង គម្រោងសាង់សង់រង្វង់មូលស្ពានថ្មថ្មី ដែលត្រូវបានសិក្សាដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ និងក្នុងក្រុងមួយចំនួននាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។ លោក ម៉ៅ ធនិន បានបញ្ជាក់ថា បន្ទាប់ពីសាងសង់សួនច្បារប្របតាមមាត់ស្ទឹង ក្នុងជំហាន១រួចរាល់ លោកនឹងសាង់សង់ផ្លូវថ្មើរជើងតាមមាត់ស្ទឹង ចាប់ពីក្បាលស្ពានថ្មផ្លូវជាតិលេខ៥ រហូតដល់ចុងកោះ ក្នុងជំហាន២បន្ថែមទៀត ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដើរលំហែកម្សាន្តស្រូបខ្យល់អាកាស និងហាត់ប្រាណតាមមាត់ស្ទឹងកាន់តែមានភាពងាយស្រួល។ បន្ថែមពីនោះលោកអភិបាលខេត្ត បានឲ្យលោកអភិបាលក្រុង ធ្វើការសិក្សាសួនច្បារមុខតំបន់សឹករងខេត្ត រហូតដល់ស្ពានថ្មថ្មីប៉ែកខាងកើត និងត្រៀមរៀបចំដោះស្រាយគោលនយោបាយ ទៅតាមលទ្ធភាពជាក់ស្តែង ជូនបងប្អូនប្រជាពលរដ្ឋក្នុងជំហានបន្តបន្ទាប់។
លោកអភិបាលខេត្ត បានបន្តថា ចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ណៃ ឡេង ខាងមុខផ្សារថ្មី គឺមិនត្រូវឲ្យបើកលាងម៉ូតូ ឬឡានទៀតនោះទេ ព្រោះវាបណ្តាលឲ្យខូចសោភណ្ឌភាពក្រុង រីឯម្ចាស់ស្ថានីយ៍ត្រូវសហការរៀបចំធ្វើជា Star Mart ឲ្យបានស្អាតល្អ ដើម្បីសម្រួលដល់ការដើរកម្សាន្ត និងហាត់ប្រាណតាមមាត់ស្ទឹង។ ពាក់ព័ន្ធនឹងបង្គោលអគ្គិសនី ដែលត្រូវរៀបចំដោះដូរថ្មីនៅជុំវិញផ្សារ លោកបានឲ្យអ្នកទទួលម៉ៅការភ្លើង សហការជាមួយអ្នកទទួលម៉ៅការភាស៊ីផ្សារ ធ្វើយ៉ាងណាត្រូវគិតពីទីតាំងលក់ដូររបស់បងប្អូនអាជីវករផង។ចំពោះគម្រោងបើកផ្លូវលេខ១០៤ ដែលមានប្រវែង៣២៥ម៉ែត្រ លោកអភិបាលខេត្តបានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សហការទិញលូឲ្យបានរួចរាល់ ដើម្បីឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រាស់ស្សេរពន្លឿនរៀបចំប្រព័ន្ធលូ បណ្តាញទឹក និង អគ្គិសនី ទើបឈានដល់អ៊ុតកៅស៊ូ ឬចាក់ប៉េតុងជូន។ ជាងនេះទៅទៀតឃើញថា បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ មានការគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះការដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និងម៉ឺងមាត់របស់ លោក ម៉ៅ ធនិន ហើយក៏សង្ឃឹមថា ខេត្តពោធិ៍សាត់នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃនោះទេ៕