(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៩៣គ្រួសារ ដែលកំពុងស្ថិតនៅតំបន់បិទខ្ទប់ មិនឱ្យចេញចូលនៅតំបន់ជុំវិញផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល។ ថ្ងៃនេះក្នុងនាមអាជ្ញាធរខេត្តក្រុង បាននាំអំណោយមកចែកជូនបងប្អូន ក្នុងការជួយសម្រាលបន្ទុកជីវភាពបានមួយចំណែកផងដែរ សម្រាប់បងប្អូនដែលកំពុងតែជាប់ធ្វើចិត្តាឡីស័ក នៅតាមផ្ទះក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ផ្សារឆ្នាំងនេះ។
លោកអភិបាលខេត្ត បានបន្តថា ការបិទខ្ទប់នេះ គឺជាវិធានការដ៏ចាំបាច់របស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាល ដែលបានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លង រីករាល ដាលនៃជំងឺកូវីដ១៩។ ដូច្នេះសូមបងប្អូននៅតាមលំនៅដ្ឋានបន្តភាពអត់ធ្មត់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង។
ខណៈនោះស្ត្រីឈ្មោះ ស្រី ពេជ្រ រស់នៅផ្ទះជួល ក្នុងបរិវេណជាប់ផ្សារឆ្នាំងក្នុងតំបន់ត្រូវបានបិទខ្ទប់ បានលើកសំណូមពរដល់អភិបាលខេត្តថា ចាប់តាំងពីបិទព័ទ្ធការចេញចូលតំបន់ផ្សារឆ្នាំងមកអគ្គីសនីក៏ដាច់ដែរ ចំណែកផ្ទះជួលមាន១០បន្ទប់ មានអ្នកស្នាក់នៅ១០គ្រួសារ ហើយក្នុងចំណោមនោះមានខ្លះវិជ្ជមានកូវីត១៩ កំពុងតែទៅព្យាបាល ខ្លះត្រូវជាប់ធ្វើចត្តាឡីស័ក មិនអាចទៅណាបាន គ្មានលទ្ធភាពបង់ថ្លៃបន្ទប់ជួល១៥ ម៉ឺនរៀលក្នុង១បន្ទប់សម្រាប់១ខែ និងបានសំណូមពរទៅម្ចាស់ផ្ទះជួលសុំការយោគយល់ដោយមិនបង់ខ្លាចផ្ទះ រយៈពេល១ខែ តែម្ចាស់ផ្ទះមិនព្រម ដោយសុំឲ្យលោកអភិបាលខេត្តជួយដោះស្រាយ។
ឆ្លើយតបនឹងសំណូមពរនេះលោក ស៊ុន សុវណ្ណារិទ្ធិ បានជួយសម្រួលឱ្យខាងអគ្គីសនីបើកដំណើរការឡើងវិញ និងបានជួយឧបត្ថមប្រាក់ចំនួន ១លាន៥០ម៉ឺនសម្រាប់បង់ថ្លៃបន្ទប់ជួលរយៈពេល១ខែ ជំនួសឱ្យអ្នកស្នាក់នៅទាំង១០បន្ទប់ផងដែរ។
ប្រជាពលរដ្ឋរស់នៅបន្ទប់ជួលទាំង១០គ្រួសារ ក៏ដូចជា បងប្អូនដែលរស់នៅជុំវិញបរិវេណផ្សារឆ្នាំង ដែលកំពុងតែបិទខ្ទប់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត ដែលបានដោះស្រាយរាល់បញ្ហា ដែលកំពុងជួបការលំបាកនេះ។
ចំពោះអំណោយដែលបានចែកជូននៅពេលនោះមានអង្ករ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាផងដែរ ចែកជូន ចំពោះប្រជាពលរដ្ឋខ្វះខាតខ្លាំង ចំណែកខ្លះទៀតនៅមានលទ្ឋភាព ត្រូវរង់ចាំវគ្គក្រោយ។ ដោយឡែកកម្លាំងការពារការបិទខ្ទប់ មាន៣ក្រុម គឺក្រុមនគរបាលក្រុង ក្រុមរដ្ឋបាលសាលាក្រុង និងក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងគឺក្នុងមួយក្រុមៗទទួលបានថវិកា៤០ម៉ឺនរៀល៕