(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានតែងតាំងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លែយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការតែងតាំងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានឃើញការខិតខំប្រឹងប្រែងរបស់លោក មានស្នាដៃល្អ លះបង់កម្លាំងកាយចិត្ត ការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាមិនខ្លាចនឿតហត់ មានទំនាក់ទំនងល្អជាមួយបងប្អូនប្រជាពលរដ្ឋ និងមានការគាំទ្រនិងជំនឿទុកចិត្តពីប្រជាពលរដ្ឋ ដល់គណបក្សប្រជាជនកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានកោតសរសើរលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់សេវាសាធារណៈ ដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងរយពេលកន្លងមក។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានផ្ទេរលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីអនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ទៅជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកពារាំង ខេត្តព្រៃវែង និងតែងតាំង លោក កែវ សុផាន់ ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង៕