(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាពកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើអ្វីជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា?» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានអះអាងថា ធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា បើគ្មានធនធានមនុស្សទេនោះ អ្វីក៏មិនអាចកើតឡើងបានដែរ។
ក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ធនធានមនុស្ស គឺជាចលករដ៏សំខាន់ដើម្បីរុញ សក្ដានុពលដែលមាន ហើយបើគ្មានមនុស្សធនធានមនុស្សទេនោះ កុំនិយាយដល់ឧស្សាហ៍កម្ម៤.០, ពាណិជ្ជកម្មឆ្លងដែន ឬក៏ SMEs វាមិនអាចទៅរួចបានឡើយ។ ក្រៅពីមានចំណេះដឹងហើយនោះ ក៏ត្រូវមានសីលធម៌ បូកជាមួយការអប់រំក្នុងកម្រិតខ្ពស់មួយទៅលើសុជីវធម៌។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ធនធានមនុស្សដើរតួសំខាន់ណាស់ ធនធានមនុស្ស គឺជាគន្លឹះរុញសក្ដានុពលសេដ្ឋកិច្ច [...] កាលណាគ្មានធនធានមនុស្ស កុំនិយាយដល់ឧស្សាហ៍កម្ម៤.០ កុំនិយាយពាណិជ្ជកម្មឆ្លងដែន កុំនិយាយអំពី SMEs ទៅមិនរួចនោះទេ»។
ពាក់ព័ន្ធកត្តាធនធានមនុស្សនេះ លោកបណ្ឌិត សុខ ទូច បានលើកជាឧទាហរណ៍ថា នៅប្រទេសអ៉ីស្រាអ៊ែល ដែលជាប្រទេសមួយ មានផ្ទៃដីតូចជាងកម្ពុជាទៀតនោះ ប៉ុន្ដែអាចនេះផលិតផលកសិកម្ម ចូលទៅក្នុងទីផ្សារអ៉ឺរ៉ុបបាន ដោយសារតែកត្តាធនធានមនុស្សនេះហើយ។ ខណៈប្រទេសជប៉ុន មានតែទឹកសមុទ្រ និងដុំថ្ម ប៉ុន្ដែអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ គឺដោយសារធនធានមនុស្ស។
ខាងក្រោមនេះ ជាវីដេអូទាំងស្រុងរបស់លោកបណ្ឌិត សុខ ទូច ដែលបានលើកឡើងអំពីកត្តាធនធានមនុស្ស៖