ព្រឹកស្អែក ACU និងក្រុមយុវជន ធ្វើសន្និសីទជុំវិញ ការប្តឹងលោក កឹម សុខា ពីបទប្រព្រឹត្តអំពើពុករលួយ
21-03-2016 16:49
(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង ក្រុមនិស្សិត ដែលដឹកនាំដោយ លោក ស្រី ចំរើន នឹងបើកសន្និសីទមួយដើម្បីពិភាក្សាជុំវិញបណ្តឹងរបស់ក្រុមនិស្សិត ដែលបានដាក់ពាក្យប្តឹង លោក កឹម សុខា ថាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការឱ្យដឹងពី មន្រ្តី ACU និង លោក ស្រី ចំរើន។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅ យុវជននិងនិស្សិតមួយក្រុម បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំង អំពើរពុករលួយ ដោយចោទប្រកាន់ លោក កឹម សុខា ថាពាក់ព័ន្ធនឹងអំពើពុករលួយ ហើយពួកគេទាមទារឱ្យ ACU ជួយស្វែងរកការពិតអំពីរឿង លោក កឹម សុខា ផ្តល់លុយទៅឱ្យនារីកំណាន់ ដែលបែកធ្លាយសំឡេង តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook កន្លងមក។
លោក ស្រី ចំរើន បានបញ្ជាក់ប្រាប់ Fresh News ថា៖ ការដាក់ពាក្យបណ្តឹងនេះក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយការពិត នៃខ្សែអាត់សំលេងនោះ បើពិតជាលោក កឹម សុខា មែន តើលោកបានលុយមកពីណាមកទិញផ្ទះ តម្លៃរ៉ាប់ម៉ឺនដុល្លារ និងផ្តល់លុយឲ្យស្រីស្នេហ៍។ លោកថា «យើងប្តឹងក្នុងនាមប្រជាពលរដ្ឋ និងយុវជន ព្រោះលោក កឹម សុខា ជាតំណាងរាស្រ្តរបស់កម្ពុជា»។
សូមជំរាបថា Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៨ ខែមីនា បានបង្ហោះសារសំឡេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣២ ក្នុងនោះមានសំឡេងមួយ ដែលធ្វើឱ្យគេសង្ស័យថា លោក កឹម សុខា យកលុយ៤០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕