(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាម Video Conference ដើម្បីពិនិត្យ និងពិភាក្សាលើសំណើរបស់សមាគម រោងចក្រ សហគ្រាស វិស័យឯកជននានា ក្នុងគោលបំណងទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដនៅតាមរោងចក្រ សហគ្រាស ខណៈដែលជំងឺមិនមានការថមថយនៅឡើយ។
កិច្ចប្រជុំបានពិភាក្សាគ្នា លើសំណើរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (cAMFEBA), សមាគម ស្បែកជើងកម្ពុជា (CFA), និងសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា (JBAC)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការដាក់ឱ្យដំណើរការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះការងារនេះផងដែរ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងថា វិស័យឯកជន បើបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២ដូសហើយ គួរកាត់បន្ថយពីការធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅ៧ថ្ងៃវិញ ហើយវិស័យឯកជនពេលនេះ ក៏មានឧបករណ៍សម្រាប់ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ចំនួន៧០ម៉ឺនផងដែរ ដែលការចំណាយជាបន្ទុករបស់រោងចក្រ ឬក្រុមហ៊ុន។
ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានចំនួន២ដូសហើយ បើឆ្លងកូវីដ១៩ ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ។
អង្គប្រជុំក៏បានលើកឡើងពីការអនុវត្ត នៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ត្រូវតែកែសម្រួលមិនត្រូវអនុវត្តដូចពេលដែលយើងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។ ជាក់ស្តែងនៅពេលនេះ រាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងដូសទី២ បញ្ចប់ហើយ ដូច្នេះយើងគួរតែកែប្រែការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ៕