(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវសម្ភារ និងឧបករណ៍ជាច្រើនជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។ ការផ្តល់សម្ភារ និងឧបករណ៍ជាការគិតគូរ និងត្រៀមលក្ខណៈសម្បត្តិទុកជាមុនសម្រាប់កងកម្លាំង ក្នុងការចុះអន្តរាគមន៍ក្នុងករណីកម្ពុជាកើតគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិក្នុងរដូវវស្សានេះ។

ពិធីប្រគល់សម្ភារ និងឧបករណ៍សង្គ្រោះគ្រោះមហន្តរាយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីលោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអគ្គលេខាធិការរង និងទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានរំលឹកពីការពីការដឹកនាំបញ្ជារផ្ទាល់ របស់នាយឧត្តមសេនីយ៍ គន់ គីម លើកម្លាំងអន្តរាគមន៍ពិសេស ចល័តប្រយុទ្ធរហ័សទាន់ពេលវេលា ទាំងអាវុធធន់ធ្ងន់ ក្នុងពេលប៉ះទង្គិចតាមបណ្តោយព្រំដែន និងការចូលរួមការពារសន្តិសុខសង្គម។

ជាមួយគ្នានេះក្នុងដំណាក់កាលជួបវិបត្តិកូវីដ១៩នេះ កងកម្លាំងនាយទាហានពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សចំនួន ៣,០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយបានដឹកជញ្ជូន លី វេចខ្ចប់ លើកដាក់ស្បៀងអាហារគ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។

ពាក់ព័ន្ធការងារគ្រោះមហន្តរាយវិញ លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្លាប់បានបញ្ជូនមន្ត្រីជំនាញ និងបានផ្តល់ជូនសម្ភារ ឧបករណ៍ដល់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីម្ចាស់ការ ក្នុងការត្រៀមប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងពិធីចែកសម្ភារ បរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះមហន្តរាយ ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងកោតសរសើរចំពោះសកម្មភាពរបស់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំង យប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ក្នុងការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ១៩ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា «សកម្មភាពរបស់នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាពេលកន្លងមក ក៏ដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ថ្លៃបាននោះឡើយ។ ពួកគេបានខិតខំលើកដាក់ ដឹកជញ្ជូន ទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩។ តាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា នាយទាហាន ពលទាហានទាំងអស់ពិតជាស្រលាញ់ប្រជាពលរដ្ឋ និងគិតគូរ អំពីសុខភាពរបស់ប្រជាពលរដ្ឋរូប ដូចអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុង ធ្វើ»

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានបន្តក្រើនរំលឹកដល់កងកម្លាំងឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់គ្រោះអាសន្នទាំងអស់ រួមទាំងការងារគ្រោះមហន្តរាយផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងរំលឹកយ៉ាងដូច្នេះ «ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយវាក៏ជាសមរភូមិមួយផងដែរ។ សមរភូមិនេះ ក៏មានសារសំខាន់ណាស់ ព្រោះថាយើងត្រូវជួយដល់អាយុជីវិតរបស់ជនរងគ្រោះ។ គ្មានអ្វីសំខាន់ជាងអាយុជីវិតនេះទេ ដូច្នេះពេលចូលសមរភូមិសង្គ្រោះនេះ យើងជាអ្នកសង្គ្រោះត្រូវតែតាំងចិត្ត និងប្តេជ្ញាជម្នះរាល់ការលំបាកទាំងឡាយដោយស្វាហាប់បំផុត ដើម្បីសម្រេចគោលដៅចម្បងរបស់យើង គឺត្រូវតែជួយយកអាយុជីវិតជនរងគ្រោះឱ្យបាន»

ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញដល់នាយទាហានពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំកិច្ចការងាររបស់ខ្លួន ឱ្យបានល្អបន្ថែមទៀត ជាពិសេសសកម្មភាពចុះជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់នាយទាហានពលទាហានទាំងអស់ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន «៣ការពារ និង៣កុំ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ទៅខ្លួនឯង គ្រួសារ និងសហគមន៍។

សូមបញ្ជាក់ថា សម្ភារ និងឧបករណ៍សម្រាប់សង្គ្រោះគ្រោះមហន្តរាយ ដែលបានប្រគល់ជូនទៅកងកម្លាំងនៃទីបញ្ជាការដ្ឋានអង្គរក្សនៅព្រឹកមិញនេះរួមមាន៖ ឯកសណ្ឋាន ៣៦០ឈុត, មួកសុវត្ថិភាព ១២០សម្រាប់, ពិលដៃ ១០គ្រឿង, ពិលសម្រាប់មួកសុវត្ថិភាព ១២០គ្រឿង, មួក ១២០សម្រាប់, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, បាឡូដាក់សម្ភារ ១២០សម្រាប់, ទូកស្មាច់ និងម៉ាស៊ីន ១០គ្រឿង, អាវពោងសុវត្ថិភាព ២០០អាវ, ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, តង់ចល័តសម្រាប់ប្រជាជន ២០សម្រាប់, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយយូម៉ាស៊ីនបូមទឹក ៤០ឈុត, ខ្សែពួ ១,០០០ម៉ែត្រ និងវិទ្យុទាក់ទង ២គ្រឿង៕