(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។ ក្នុងនោះ ៣លានដូសជាវ៉ាក់សាំងស៊ីណូវ៉ាក់ និង ១លានដូស ជាវ៉ាក់សាំងស៊ីណូហ្វាម។
ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានឆ្លៀតបញ្ជាក់ព័ត៌មានពាក់ព័ន្ធការមកដល់វ៉ាក់សាំង និងផែនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះវ៉ាក់សាំងបានមកដល់ប្រទេសកម្ពុជាសរុបចំនួន ១៦លានដូសហើយ ហើយនៅខែក្រោយវ៉ាក់សាំងប្រមាណ ៤លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា ជាចំនួនគម្រប់ ២០លានដូស ដែលរាជរដ្ឋាភិបាលស្វះស្វែងរក ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
លោកស្រី ក៏បានឱ្យដឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ជាទិញវ៉ាក់សាំងមួយលានដូសបន្ថែមទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។
បើតាមលោកស្រី យក់ សម្បត្តិ វ៉ាក់សាំងដែលកម្ពុជាទទួលបាននៅថ្ងៃនេះ នឹងបន្តចែកចាយទៅតាមបណ្តាខេត្តនានា ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចសម្ភាសន៍នោះ លោកស្រី យក់ សម្បត្តិ ក៏បានបញ្ជាក់ផងដែរពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការចាក់វ៉ាក់សាំងជូនមនុស្សអាយុក្រោម១៨ឆ្នាំ និងការចាក់ដូសទី៣។ បើតាមលោកស្រី យក់ សម្បត្តិ ក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងកំពុងពិភាក្សាលំអិតលើការងារនេះ៕