(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តបាត់ដំបង ពេលនេះបាន និងកំពុងបញ្ចូលក្រុមយុវជនបន្ថែមទៀត ទៅក្នុងរចនាសម្ព័ន្ធភូមិ-ឃុំមួយចំនួន នៅស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសដល់ពួកគេ ក្នុងការចូលរួមអភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ ក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំតាប៉ុន និងប្រចាំភូមិទាំង៥ ក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រកាសទទួលស្គាល់ ដោយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង។ ការប្រកាសទទួលស្គាល់ រចនាសម្ព័ន្ធដឹកនាំភូមិ-ឃុំទាំងនេះ មានការចូលរួមពី សមាជិកគណបក្សប្រជាជនកម្ពុជាឃុំ ប្រមាណ៥០០នាក់។
លោក កុល វីរក្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្កែ ដែលបានចុះទៅប្រកាសសមាសភាពក្រុមយុវជននេះ បានជំរុញយុវជនថ្មីទាំងនោះ ខិតខំបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន។
លោកបានជំរុញឱ្យសមាជិកបក្សទាំងអស់ពិសេសក្រុមយុវជន ពង្រឹងឆន្ទៈ ស្មារតី និងសមត្ថភាពដើម្បីរួមសាមគ្គីគ្នា ជាធ្លុងមួយក្នុងសង្គមជាតិ ពោលក្នុងមូលដ្ឋានផ្ទាល់ដើម្បីអភិវឌ្ឍគ្រួសារ មូលដ្ឋាន រក្សាសមិទ្ធផលស្ថេរភាព សន្តិភាពដែលរៀមច្បងយុវជនបានបន្សល់ទុក ដែលក្នុងនោះសង្កត់ធ្ងន់ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព និងខិតខំផ្តល់សេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាជនឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក កុល វីរក្ស បានលើកឡើងនូវសមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ពិសេសគឺការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ គ្របដណ្តប់ពេញផ្ទៃប្រទេស និងអភិវឌ្ឍន៍ប្រទេសជាតិ បានរីកចម្រើនដូចបច្ចុប្បន្ន។
លោក កុល វីរក្ស បានផ្តល់ជូនអង្គប្រជុំនូវទស្សនៈដើម្បីឱ្យសមាជិកបក្ស មានមូលដ្ឋានពិចារណាលើវោហាសាស្ត្រទាំងឡាយ ដែលក្រុមប្រឆាំងលើកឡើង ក្នុងន័យញុះញង់-ប្រជាភិថុទ ដែលអាចនឹងបង្កភាពវឹកវ ចលាចល បាត់ស្ថេរភាព សន្តិភាពនៅក្នុងផ្ទៃប្រទេស ឬអាចបង្កជាសង្គ្រាម ឬអរិយភាពរវាងប្រទេសជាតិ ភូមិផងរបងជាមួយ៕