(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាត់តំណាងនាំយកអំណោយជាម៉ាស ទឹកអាល់កុល និងគ្រឿងឧបភោគបរិភោគ ចំនួន១០០គ្រួសារ ផ្តល់ជូនសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដេីម្បីចែកជូនបន្តដល់គ្រួសារប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។
អំណោយនេះ ត្រូវបានលោក ជា ចំណាន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងក្រុមការងារនាំទៅប្រគល់ជូននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងនោះដែរ លោក ជា ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួសុខទុក្ខរបស់លោក វង សូត ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ដែលតែងតែគិតគូរសុខទុក្ខពលរដ្ឋកំឡុងពេលជួបវិបត្តិកូវីដ១៩ ហេីយលោកបានជំរុញ និងផ្សព្វផ្សាយបន្ថែម ដល់ពលរដ្ឋដែលមកទទួលអំណោយចំនួន ៨គ្រួសារ ស្ថិតក្នុងឃុំក្រែក ដែលបានជាប់ពាល់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ ត្រូវខិតខំថែរទាំសុខភាព និងអនាម័យខ្លួនប្រាណតាមវិធានសុខាភិបាល ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» ត្រូវចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺត្រូវចូលរួមទទួលវ៉ាក់សាំងបង្ការការពារជំងឺកូវីដឱ្យបានគ្រប់ៗគ្នា ដេីម្បីជៀសផុតពីជំងឺរាលត្បាតមួយនេះ។
ទន្ទឹមនឹងនេះដែរ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក បានអំពាវនាវបន្ថែមលេីវិធានការទប់ស្កាត់របស់អាជ្ញាធរ ដូចការបិទខ្ទប់តំបន់ដែលរកឃេីញករណីកូវីដ១៩ អាជ្ញាធរតែងតែស្វែងរកប្រភព និងកាត់ផ្តាច់ខ្សែចម្លងដោយធ្វេីតេស្តរហ័សករណីសង្ស័យបុគ្គលណាម្នាក់ជាប់ពាក់ព័ន្ធ និងដាក់ខ្លួនឱ្យនៅដោយឡែកដោយធ្វេីចត្តាឡីស័ក។
សូមជម្រាបជូនថា អំណោយរបស់លោក វង សូត ដែលត្រូវផ្តល់ជូនសាលាឃុំក្រែក តាមរយៈលោក ជា ចំណាន រួមមាន៖ អង្ករចំនួនពីរតោន, មីម៉ាម៉ា ចំនួន៦០កេសតូច, ម៉ាស ចំនួន២០០០០ម៉ាស, អាល់កុល ចំនួន១២០លីត្រ, កញ្ចប់ឃីតថ្នាំ ៣០០ឃីត, សាប៊ូ ចំនួន៣៦០ ដុំ, ទឹកសុីអុីវចំនួន១០០យួរ និងទឹកត្រី១០០យួរ ផងដែរ៕