(កោះកុង)៖ រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងផ្អាក់ដំណើរការជាបណ្ដោះអាសន្ននូវផ្សារអណ្ដូងទឹកឃុំអណ្ដូងទឹកស្រុកបុទុមសាគរ រយៈពេល១៤ថ្ងៃ ដោយចាប់គិតពីម៉ោង០០នាទីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២១ ដើម្បីបង្កា និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងសារខាងលើ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២២០១នេះ បានបញ្ជាក់ថា បើតាមក្រុងការងារស្រាវជ្រាវជំងឺកូវីដ១៩ ស្រុកសហការជាមួយមណ្ឌលសុខភាពអណ្ដូងទឹក បានធ្វើតេស្តរហ័ស (Rapid Test) ដោយទទួលលទ្ធផលវិភាគវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៥នាក់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងបានរកឃើញវិជ្ជមានកូវីដ១៩កើនឡើង ចំនួន៦នាក់បន្ថែមទៀត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ព្រមទាំងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរីកដាលយ៉ាងឆាប់រហ័សគួរឱ្យបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺនេះជាបន្ទាន់។
ទន្ទឹមនេះរដ្ឋបាលស្រុក សូមអំពាវនាវដល់អាជីវករ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋបើមានអាការៈក្តៅខ្លួនក្អកពិបាកដកដង្ហើម ហើយមានអាការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពអណ្ដូងទឹក លេខទូរស័ព្ទ ០១៥ ២១០៦៦៦ ដើម្បីមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។
ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថាបងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរក្នុងផ្សារអណ្តូងទឹក ដែលមានផ្ទុកមេរោគកូវីដ១៩ នោះអាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកកូវីដ១៩ ចូលប្រកបអាជីវកម្មលក់ដូរមួយរយៈពេលវែង៕