(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្ស ក្នុងរចនាសម្ព័ន្ធ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការចូលរួមពីសំណាក់លោក គុយ ម៉ារិនឌី អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកការងារយុវជន នាស្នាក់ការបក្សស្រុកតំបែរ ព្រមទាំងសមាជិក សមាជិកគណបក្សមូលដ្ឋាន ដោយអនុវត្តតាមវិធានការសុខាភិបាល និងការអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ថ្លែងក្នុងពិធីនេះដែរ លោក ហាក់ សុខមករា បានផ្តាំផ្ញើការសាកសួរសុខពីសំណាក់លោក ហ៊ុន មាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងបានផ្សព្វផ្សាយនូវខ្លឹមសាររួមនៃផែនការសកម្មភាពរបស់ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានការឯកភាពពីគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះដែរ លោក គុយ ម៉ារិនឌី ក៏បានឧបត្ថមដល់យុវជនក្នុងរចនាសម្ព័ន្ធ ក្នុងម្នាក់ៗទទួលបាន១០,០០០រៀល និងក្រមា ១។ ក្រុមការងារយុវជនស្រុកតំបែរ ទទួលបាន Laptop ចំនួន២ គ្រឿង និងម៉ាសុីនព្រីងធ័រចំនួន ១គ្រឿងផងដែរ៕