(កំពង់ចាម)៖ លោកបណ្ឌិត ណៅ ធួក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម និងលោកឧកញ៉ា ឌី ប៉ូ អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ និងជាប្រធានក្រុមការងារចុះជួយឃុំគរ បានចូលរួមជាអធិបតីភាព សម្ពោធផ្លូវចាក់បេតុងមួយខ្សែ ដែលចំណាយអស់ថវិកា ប្រមាណជាង១ម៉ឺនដុល្លារ ក្នុងការកសាង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលជាថវិការបស់លោក ឧកញ៉ា ឌី ប៉ូ ផ្ទាល់ ដោយផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ៦០ ពីផ្សារគរ ចូលមកកាន់វត្តគរ ក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ពិធីបើកសម្ពោធនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ទេព រាមមុនី អភិបាលស្រុកព្រៃឈរ តារាចម្រៀង ខេមរៈ សិរីមន្ត ,គណៈពង្រឹងថ្នាក់ស្រុក ឃុំ លោកអធិការស្រុក ព្រមទាំងមន្រ្តីក្នុងស្រុក ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ជាង៥០០នាក់ ដោយពួកគាត់បានចូលរួមអបអរសាទរ នូវសមិទ្ធផលថ្មី ជាផ្លូវបេតុង មួយខ្សែដើម្បីជួលសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរ របស់បងប្អូនពុទ្ធបរិស័ទ ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងមូលដ្ឋានវត្តគរផងដែរ។
លោក ទេព រាមមុនី អភិបាលស្រុកព្រៃឈរ បានមានប្រសាសន៍ ក្នុងពិធីបើកសម្ពោធនេះ ថា ចំណុចដ៏លេចធ្លោរបស់លោកឧកញ៉ា ឌី ប៉ូ អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ និងគួរឲ្យចាប់អារម្មណ៍នៅថ្ងៃនេះ គឺលោកបានស្ថាបនាផ្លូវប៉េតុង១ខ្សែ ពីផ្លូវបំបែកផ្សារគរ ទៅកាន់វត្តគរ ប្រវែង៦៨០ម៉ែត្រ ដោយលោកឧកញ៉ា បានចូលរួមថវិកា អស់ប្រមាណ១០,០០០ដុល្លារ និងបានផ្ដល់មេក្រូ១២គ្រឿង ក្នុងនោះសម្រាប់ឃុំគរ ១០គ្រឿង ដាក់នៅតាមសាលាបុណ្យ ដែលសរុបថវិកា អស់ប្រមាណ៤,៥៦០ដុល្លារ ហើយកាលពីចុងខែកុម្ភៈ លោកឧកញ៉ាក៏បានសម្ពោធផ្លូវលំមួយខ្សែ ក្រាលគ្រួសក្រហមតភ្ជាប់ពីភូមិរំដួល ឃុំគរ ទៅកាន់ភូមិគោកស្រឡៅ ឃុំបារាយណ៍ ប្រវែង២,១៦៥ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ ២១,៦៥០ដុល្លារ ផងដែរ។ សមិទ្ធផលទាំងនេះ បើសរុបជាថវិកា គឺអស់ប្រមាណ ៣៦,២១០ដុល្លារអាមេរិក។
លោកអភិបាលស្រុកបានបន្តថា សមិទ្ធផលដ៏សំខាន់នេះ ក្នុងនាមក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃឈរ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមការងារចុះជួយឃុំគរ ឃុំបារាយណ៍ ក្រុមប្រឹក្សាឃុំ និងក្នុងនាមប្រជាពលរដ្ឋទូទាំង ស្រុកព្រៃឈរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ណៅ ធួក ប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ ជាពិសេសលោកឧកញ៉ា ឌី ប៉ូ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន កសាងនូវសមិទ្ធផលនានា ដើម្បីជួយអភិវឌ្ឍន៍ មូលដ្ឋានស្រុកព្រៃឈរ ឲ្យកាន់តែរីកចម្រើនឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ តាងនាមឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ សូមប្ដេជ្ញាថែរក្សា ការពារ សមិទ្ធផល ទាំងអស់នេះ ឲ្យស្ថិតស្ថេរគង់រង្ស និងរក្សាទុកជាផលប្រយោជន៍រួម បម្រើឲ្យប្រជាពលរដ្ឋទូទៅ និងកូនចៅជំនាន់ក្រោយៗទៀត។
ដោយឡែក លោកបណ្ឌិត ណៅ ធួក ប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ បានគូសបញ្ជាក់ថា ដោយសារតែប្រទេសយើងបាន ទទួលនូវសុខសន្ដិភាពពេញលេញ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលសព្វថ្ងៃនេះ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាប្រមុខ យើងអាចកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់ ស្ពាន វត្តអារាម និងសមិទ្ធផលជាច្រើនទៀត បានដោយរលូន ហើយក៏ធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋ មានភាពរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃផងដែរ។
ជាក់ស្ដែងថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិគរ ជាពិសេសព្រះសង្ឃក្នុងវត្តគរផ្ទាល់តែម្ដង បានទទួលនូវសមិទ្ធផលថ្មីមួយទៀត គឺផ្លូវបេតុងមួយខ្សែ ដែលមានប្រវែងជិត១គីឡូម៉ែត្រ ដែលអាចជួយសម្រួលការធ្វើដំណើរ របស់បងប្អូន និងព្រះសង្ឃបានមួយផ្នែកធំ ពោលលែងលំបាកដូចមុនទៀតហើយ ។ សមិទ្ធផលទាំងនេះ ដោយសារតែការខិតខំប្រឹងប្រែង របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម និងលោកឧកញ៉ា ឌី ប៉ូ អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ និងជាប្រធានក្រុមការងារចុះជួយឃុំគរ ខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងនេះ ហើយយើងនឹងបន្តចូលរួមចំណែក កសាង ហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងស្រុកទាំងមូល។
ជាមួយគ្នានេះ លោកបណ្ឌិត ណៅ ធួក ក៏បានរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចងចាំនូវស្មារតីតស៊ូរំដោះជាតិ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ របស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានយកអាយុជីវិត ទៅប្រថុយនឹងសេចក្ដីស្លាប់ ដើម្បីបានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ រហូតមកដល់សព្វថ្ងៃនេះ ។ នេះបានសបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំបានរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ហើយសូមឲ្យបងប្អូនឈប់ចាញ់បោក ឧបាយកលនយោបាយបោកប្រាស់ របស់ជនអគតិមួយចំនួន ដែលបានបំផុសបំផុល យកតែប្រយោជន៍ផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា បន្ទាប់ពីសំណេះសំណាល ជាមួយនឹងបងប្អូនប្រជាពលរដ្ឋរួចមក លោកបណ្ឌិត ណៅ ធួក និងលោកឧកញ៉ា ឌី ប៉ូ បានអញ្ជើញកាត់ខ្សែបូរណ៍ បើកឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែ ចាប់ពីថ្ងៃនេះតទៅ ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃ និងអំណោយផ្សេងៗដល់យាយជីតាជី ក្នុងវត្តផងដែរ៕