(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានចេញមកបំភ្លឺ ករណីតែងតាំងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្រោយពីមានសារព័ត៌ក្នុងស្រុកចេញផ្សាយ លើការវាយតម្លៃ វាយប្រហារមកលើលោកស្រី កែវ សុធារី អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងធម្មការ និងលោកស្រី ងួន ធួន ភរិយារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។
ចំពោះការចុះផ្សាយព័ត៌មានក្នុងស្រុកនាពេលកន្លងមកនោះ បានចោទប្រកាន់ថា លោកស្រី កែវ សុធារី បានឃុបឃិតជាមួយភរិយាលោករដ្ឋមន្រ្តី មិន ឃិន ដែលបានទទួលលាភសក្ការៈពីលោក ដួង សារឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង។
នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ លោក សេង សុមុនី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ករណីខាងលើនេះ គឺអ្នកទទួលព័ត៌មាន និងអ្នកផ្តល់ព័ត៌មានមានភាពមិនត្រឹមត្រូវ ដែលផ្ទុយទៅនិងនីតិវិធី តាមច្បាប់លក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល គឺមុននិងតែងតាំងប្រធានមន្ទីរ នៅតាមបណ្តារខេត្ត ត្រូវឆ្លងកាត់ការប្រជុំវាយតម្លៃពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ហើយស្នើសុំមកក្រសួងសាម៉ី ដើម្បីសុំសេចក្តីសម្រេចតែងតាំង។ បន្ទាប់មក្រសួងសាម៉ី ត្រូវធ្វើសំណើទៅក្រសួងមុខងារសាធារណៈ ដើម្បីស្នើទិដ្ឋាការតែងតាំង ទើប្រកាសជាតែងតាំងតាមក្រោយ ការតែងតាំងនេះ ទើបស្របទៅតាមនីតិវិធី»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការចោទប្រកាន់ថាមានការឃុបឃិតគ្នានោះ ជារឿងផ្ទុយពីការពិតទាំងស្រុងពីព្រោះមកដល់ ពេលនេះលោក ដួង សាវឿន ប្រធានមន្ទីរចាស់ មិនទាន់ដល់ថ្ងៃចូលនិវត្តន៍ផង ហើយគណៈអភិបាលខេត្តកោះកុង ពុំទាន់បានធ្វើ របាយការណ៍ណាមួយ ទៅក្រសួងធម្មការ និងសាសនានៅឡើយទេ។ ចំពោះការចុះផ្សាយថា ធ្វើការមុនឬធ្វើការក្រោយនោះ ពុំត្រឹមត្រូវនោះទេ វាអាស្រ័យលើសមត្ថភាពជាក់ស្តែង សីលធម៌ គុណធម៌ ដែលគណៈអភិបាលខេត្ត វាយតម្លៃរួមផ្សំនិងការទទួល យកបានពីមហាជនទៅវិញទេ។
លោកថា «ចំពោះការចោទប្រកាន់តាមរយៈសារព័ត៌មាននេះ គឺខុសពីកាពិតតម្រូវឲ្យធ្វើកាបំភ្លឺជូនសារធារណជនបានជ្រាបឡើងវិញ។ ក្រសួងសង្ឃឹមថា សារព័ត៌មាននេះ ពិតជាទទួលយកការពិតទាំងអស់ ខាងលើនេះ ដើម្បីរួមគ្នាសាងនីតិរដ្ឋលុបបំបាត់ការយល់ច្រឡំ។ មិនតែប៉ុណ្ណោះលោកក៏សូមថ្លែងអំណរគុណណាស់ ចំពោះអស់លោកសារព័ត៌មានទាំងឡាយ ដែលយកចិត្តទុកដាក់តាមដានលើ ការងារធម្មការ និងសាសនា តែសូមឲ្យមានសច្ចៈ យុត្តិធម៌ទាំងអស់គ្នា រិះគុណដើម្បីស្ថាបនា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕