(ភ្នំពេញ)៖ នៅម៉ោង៤៖០០ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាជាផ្លូវការលើ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជាង៥៣លានដុល្លារ ដែលជាថវិកាសម្រាប់គ្រោងជួសជុលស្ពានជ្រោយចង្វារ កម្មវិធីបោសសម្អាតមីន និងជួសជុលផ្លូវជាតិលេខ៥។
ពិធីចុះហត្ថលេខានេះ នឹងធ្វើឡើងរវាង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់ជាង៥៣លានដុល្លារនោះ មានហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤.៧១៥លានយ៉េន សំរាប់អនុវត្តន៍គម្រោង២ រួមមានធ្វើឲ្យប្រសើរឡើងវិញ នូវស្ពានជ្រោយចង្វា ដែលមានទឹកប្រាក់ ចំនួន៣.៣៤៣លានយ៉េន និងជំនួយសម្ភារៈ បច្ចេកទេសបោសសំអាតមីន ដំណាក់កាលទី៧ ដែលមានទឹកប្រាក់ចំនួន ១.៣៧២លានយ៉េន។ ដោយឡែក ឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ១៧.២៩៨លានយ៉េន សម្រាប់គម្រោងធ្វើឲ្យ ប្រសើរឡើងវិញ នូវផ្លូវជាតិលេខ៥កំណាត់ផ្លូវពី ព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី២៕