(កណ្តាល)៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឃាត់រថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៦គ្រឿង ដែលបានដឹកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២១តោន នៅផ្លូវព្រែកហូរ ត្រង់ភូមិសាស្រ្តព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។

ក្នុងចំណោមរថយន្តទាំង៦គ្រឿងនោះ មានរថយន្ត ២គ្រឿងដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត ត្រូវបានរក្សាទុកចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រាទី៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ ក៏បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕