(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) (National Council of Science, Technology & Innovation) ត្រូវបានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុម័តនៅក្នុងកិច្ចប្រជុំលើកទី១ របស់ខ្លួនរួចរាល់ហើយ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖

*ទី១៖ រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ដល់ ១២៖០០នាទីថ្ងៃត្រង់ កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃ ក.ជ.វ.ប.ន. គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់ ក.ជ.វ.ប.ន.។ កិច្ចប្រជុំលើកទី១នេះ បានដំណើរការក្រោមកិច្ចសម្របសម្រួល និងរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាលេខាធិការដ្ឋាននៃ ក.ជ.វ.ប.ន.។

*ទី២៖ កិច្ចប្រជុំនេះបានផ្តោតលើប្រវត្តិសង្ខេបនៃការអភិវឌ្ឍវិស័យ វ.ប.ន. កម្ពុជា និងរបាយការណ៍សមិទ្ធផលដែលសម្រេចបាន ប្រវត្តិនៃការបង្កើត ក.ជ.វ.ប.ន. តួនាទីនិងភារកិច្ច ការណែនាំសមាសភាពនៃ ក.ជ.វ.ប.ន. និងគណៈប្រឹក្សាយោបល់ វ.ប.ន. និងការពិនិត្យនិងសម្រេចអនុម័តលើកិច្ចការសំខាន់ៗក្នុងវិស័យ វ.ប.ន.។

*ទី៣៖ កិច្ចប្រជុំបានសម្រេចអនុម័ត «ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០» ដែលបានកំណត់នូវសសរស្តម្ភ សំខាន់ៗចំនួន៥៖ ១-អភិបាលកិច្ច, ២-ការអប់រំ, ៣-ការស្រាវជ្រាវ, ៤-កិច្ចសហការ និង៥-អេកូឡូស៊ី ដើម្បីជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនដោយមាន ក.ជ.វ.ប.ន. ជាអ្នកសម្របសម្រួល។

*ទី៤៖ កិច្ចប្រជុំបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពវិស័យ វ.ប.ន. ក្នុងរយៈពេលតិចជាង១ឆ្នាំចុងក្រោយនេះ បើទោះជាស្ថិតក្នុងអំឡុងពេលរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ ហើយបានសម្រេចគាំទ្រជំហានបន្ទាប់សំខាន់ៗ សម្រាប់វិស័យ វ.ប.ន. កម្ពុជា ដូចជា៖ ការអនុវត្តគម្រោង «ហ្គោស្ពីន (GO-SPIN)», «របៀបវារៈស្រាវជ្រាវជាតិ», «បញ្ជីធនធានមនុ ស្ស (បញ្ជីសារពើភណ្ឌ) ជាអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និង «ផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាចំនួនបី៖ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម»។

*ទី៥៖ កិច្ចប្រជុំបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យា សុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងតាមគន្លងប្រក្រតីថ្មីក្រោមឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩។ ជាក់ស្តែងកិច្ចប្រជុំបានពិភាក្សា និងរំលេចនូវសារៈសំខាន់របស់បច្ចេកវិទ្យាទាំងបីនេះ សម្រាប់ពង្រីកវិសាលភាពបច្ចេកវិទ្យាក្នុងការអប់រំស្ទែម (STEM), ត្រៀមខ្លួនចាប់យកបច្ចេកវិទ្យាព្យាបាលពីចម្ងាយ និងបច្ចេកវិទ្យាកសិកម្ម វៃឆ្លាត និងពិនិត្យលទ្ធភាពក្នុងការផលិតវ៉ាក់សាំងនាពេលអនាគត ជាដើម។

*ទី៦៖ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើសារៈសំខាន់នៃវិស័យ វ.ប.ន. ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីជំរុញឱ្យសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ
ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លើសពីនេះ កិច្ចប្រជុំបានរំលេចកិច្ចការពាក់ព័ន្ធវិស័យវ.ប.ន. ចម្បងៗ មួយចំនួនទៀត ដែលត្រូវយកចិត្តទុកដាក់ក្នុងពេលឆាប់ៗ រួមមាន៖ រៀបចំលិខិតូបករណ៍គតិយុត្តិ ពង្រឹង ការទូតវិទ្យាសាស្រ្ត ត្រៀមខ្លួនចាប់យកបច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាបៃតង និងបច្ចេកវិទ្យាឌីជីថលដែលបម្រើឱ្យវិស័យដែលពាក់ព័ន្ធ ជាអាទិ៍។

*ទី៧៖ ជាចុងក្រោយ កិច្ចប្រជុំបានផ្តល់អនុសាសន៍ថា ការរៀបចំគោលនយោបាយតែម៉្យាងពុំមែនជាកត្តាសត្យានុម័ត កំណត់ភាពជោគជ័យនោះទេ ការវិនិយោគឱ្យមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ការផ្តល់មូលនិធិគ្រប់គ្រាន់ក្នុងទម្រង់ជាការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងប្រព័ន្ធអេកូឡូស៊ី វ.ប.ន. ដ៏រឹងមាំ និងការជំរុញវប្បធម៌ជាតិនៃការផ្តល់តម្លៃលើវិទ្យាសាស្ត្រ គឺជាកត្តាសំខាន់មិនអាចខ្វះបាន៕