(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់ភូមិសាស្ត្រក្រុង ស្រុក ក្នុងមូលខេត្តកោះកុងនេះនឹងអនុវត្តចាប់ពីម៉ោង២១ រហូតដល់ម៉ោង ៤ទៀបភ្លឺ ដោយត្រូវអនុវត្តដូចខាងក្រោម៖
*ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល នៅចន្លោះម៉ោង២១ រហូតដល់ម៉ោង៤ទៀបភ្លឺ លើកលែងតែចំពោះករណីដូចខាងក្រោម៖
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
-ការធ្វើដំណើរបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព
-ការធ្វើចរាចរណ៍របស់រថយន្ត ដឹកទំនិញ រថយន្តកុងតឺន័រ រថយន្តដឹកជញ្ជូនសំរាម និងរថយន្តដឹកសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន
-ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅកន្លែងបំពេញការងារនៅក្នុងសហគ្រាសគ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើកដំណើរការ និងការធ្វើដំណើរត្រឡប់មកលំនៅឋានវិញដោយមានពាក់បង្ហាញប័ណ្ណសំគាល់ខ្លួន
-ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
*ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជនីដ្ឋានហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ។ល។ ដែលទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរ ជាលក្ខណៈវេចខ្ចប់បាន។
*ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្ដុំការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ទទួលទានគ្រឿងស្រវឹង និងការជួបជុំផ្សេងៗ លើកលែងតែចំពោះករណីដូចខាងក្រោម៖
-ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
-ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ និងភារកិច្ចផ្សេងទៀត
-ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជនសាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកោះកុង៖