(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងជាសះស្បើយចំនួន៧នាក់។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ គឺ២នាក់រកឃើញនៅព្រំប្រទល់ខេត្តកំពង់ធំ ៣នាក់ទៀតរកឃើញនៅព្រំប្រទល់ខេត្តសៀមរាប និងម្នាក់ទៀតជាទាហានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ប្រសិនបើមានករណីសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។
រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ ចំនួន២០៨នាក់ បានព្យាបាលជាសះស្បើយចំនួន៧១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៣៧នាក់ទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖