(បាត់ដំបង)៖ រថយន្តធុនធំ ២គ្រឿង បុកគ្នាពេញទំហឹងក្រឡាប់ផ្ញាជើង បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ស្រាលចំនួន ៦នាក់ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនានៅក្នុងក្រុមទី០២ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខ កំពង់ចាម 3A-9610 ធ្វើដំណើរច្រាសទិសគ្នាពីត្បូង ទៅជើងបើកបរដោយឈ្មោះ រឺន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល និងអ្នករួមដំណើរចំនួនន ៣នាក់ទៀត ក្នុងនោះបណ្តាលរបួសធ្ងន់ចំនួន ២នាក់ និងស្រាល ១នាក់។
ចំណែករថយន្តរងគ្រោះដឹកជី ម៉ាកហ៊ីយ៉ាន់ដាយដូចគ្នា ពណ៍ខៀវ ពាក់ផ្លាកលេខពោធិ៍សាត់ 3A-1017 បើកបរដោយឈ្មោះ សារី សំបូរ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិធ្នស់តាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ ១នាក់ជាប្រពន្ធរបួសស្រាល។
បើតាមប្រភពនៅទីតាំងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុគេឃើញរថយន្តបែនទ្រុងទទេបានបើកយ៉ាងលឿនក្នុងស្ថានភាពផ្លូវមានភ្លៀងធ្លាក់ផងនោះ ក៏រ៉េចង្កូតទៅបុកជាមួយរថយន្តដឹកជីពេញទំហឹងតែម្តង៕