(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសមុននេះបន្តិចថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើង បានបាញ់ និងធ្លាក់ចូលដែនសមុទ្រភាគខាងកើតនៃប្រទេស មានចំនួន ប្រាំគ្រាប់ និងជាប្រភេទរយៈចម្ងាយជិត ២០០គីឡូម៉ែត្រ។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។
ការបាញ់របស់កូរ៉េខាងជើងខាងលើនេះ ប្រព្រឹត្តទៅរយៈពេល ២២នាទី រហូតដល់ម៉ោង ៣៖៤១នាទីរសៀល ម៉ោងនៅទីក្រុងសេអ៊ូល។ គ្រាប់មីស៊ីលនេះ ត្រូវបានបាញ់បង្ហោះដោយប្រើប្រាស់ជើងទម្របាញ់ប្រភេទ ៣០០ មីលីម៉ែត្រ ហើយវាបានកើតឡើងបន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីល Rodong ពីរគ្រាប់កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលបានធ្លាក់ចូលដែនទឹកភាគខាងកើតប្រទេសនេះដូចគ្នា៕