(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរតាមព្រំដែនជាប់ជាមួយប្រទេសថៃ ប្រឹងប្រែងទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យមេរោគកូវីដ១៩ បំប្លែងថ្មី «ដែលតា» ឆ្លងចូលទៅក្នុងសហគមន៍។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាបែបនេះក្នុងពេលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការព្រួយបារម្ភដែលបច្ចុប្បន្នពលករត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ខ្ទង់រយនាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ដើម្បីទប់ស្កាត់ការឆ្លងជំងឺពីពលករមកពីប្រទេសថៃចូលទៅក្នុងសហគមន៍នោះ សម្តេចតេជោ បានណែនាំឱ្យធ្វើចត្តាឡីស័កគ្រប់ពលករចូលមកពីប្រទេសថៃ នៅតាមព្រំដែនផ្ទាល់តែម្តង។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងដូច្នេះ «ត្រូវពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យបានម៉ត់ចត់រុករកទប់ស្កាត់នូវវីរុស ធ្វើម៉េចទប់ស្កាត់ពេលនេះកុំឱ្យមេរោគ [ដែលតា] ចូលក្នុងសហគមន៍។ [អាល់ហ្វា] វាបានចូលមកហើយ ដែលកំពុងឆ្លងរាល់ថ្ងៃ ប៉ុន្តែបើ [ដែលតា] ចូលក្នុងសហគមន៍ទៀតមហន្តរាយពិតជាកើតនៅក្នុងប្រទេសរបស់យើង»។
សម្តេចតេជោ បន្តថា «លើកនេះខុសពីលើកមុន។ ពលករមកពីថៃលើកមុន ១ពាន់នាក់ កូវីដមានត្រឹមតែ ២០នាក់ ទៅ ៣០នាក់។ ប៉ុន្តែឥឡូវមក ៣០០នាក់ កូវីដឡើងជាង ១០០នាក់។ ៥០០នាក់ ឡើងជិត ២០០នាក់។ ហើយប្រមូលផ្តុំទៅលើខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ»។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ តាមរយៈពលករនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការធ្វើតេស្តរហ័សនៅតាមច្រកព្រំដែន ហើយតម្រូវឱ្យពួកគេធ្វើចត្តាឡីស័កគម្រប់ ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យទៅតាមគោលដៅ៕