(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្ភភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃចំនួន ៧វត្ត។
នៅក្នុងឱកាសនេះដែរ លោក ប្រាក់ សុវណ្ណ បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសវិស័យព្រះពុទ្ធសាសនានេះតែម្តង។
លោកអភិបាលខេត្តព្រះវិហារបានថ្លែងទៀតថា ទៀនព្រះវស្សានិងទេយ្យវត្ថុ ដែលនាំមកប្រគេនព្រះសង្ឃចំនួន៧វត្តនៅពេលនេះ មានការចូលរួមដោយទឹកចិត្តសទ្ធាជ្រះថ្លាពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភានានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ ពុទ្ធបរស័ទជិតឆ្ងាយផងដែរ។
លោកថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែនៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំឲ្យព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រទៅតាមទីដទៃ ដូច្នេះទៀនវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុតនិងនាំមកនូវបុណ្យ កុសល ពេញបរិបូរណ៍។
ជាមួយគ្នានេះដែរលោក ប្រាក់ សុវណ្ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះមេគុណខេត្តទាំង២គណៈ និងគណៈកម្មាធិការគ្រប់គ្រងវត្តទាំងអស់ ព្រមទាំងពុទ្ធបរិស័ទទូទាំងខេត្ត ដែលបានរួមគ្នាកសាងនូវសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា អោយរីកចម្រើនគួរកត់សម្គាល់។ លោកក៏អំពាវនាវ ប្រជាពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩ ត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវណែនាំកូនចៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ នៅរដូវវស្សានេះ។
សូមបញ្ជាក់ថា វត្តចំនួន៧ដែលទទួលបាននូវទៀនព្រះវស្សា និងទេយ្យវត្ថុនៅពេលនេះរួមមាន វត្តប្រាសាទគោកបេង វត្តព្រះពុទ្ធមានជ័យ វត្តពោធិប្រាំពាន់ដើម វត្តទួលអណ្តែត វត្តព្រះឥន្ធទ្រង់ វត្តពោធិសិលារាមនិងវត្តឦសានគីរីសាមគ្គីមានជ័យហៅវត្តប្រយុទ្ធ៕