(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានបន្តឧបត្ថម្ភម៉ាសចំនួន ៥ម៉ឺនបន្ទះទៀត ដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ក្នុងគោលដៅគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ក្នុងប្រទេសទាំងមូល។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា កាលពីពេលថ្មីនេះៗ ស្ថានទូតចិនប្រចាំកម្ពុជា ក៏បានឧបត្ថម្ភម៉ាសចំនួន ៥ម៉ឺនបន្ទះរួចហើយ សរុបទៅគឺមានចំនួន ១០ម៉ឺនបន្ទះ។ ការផ្តល់ ម៉ាសទាំងនេះ ជាការរួមចំណែករបស់មិត្តចិន ដែលតែងតែប្រកៀកស្មាជាមួយកម្ពុជាក្នុងឋានៈជាមិត្ត ដែកថែប ចំពោះគោលដៅយក ជ័យជម្នះលើជំងឺកូវីដ១៩។
លោកឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ទោះបីជាកម្ពុជាទទួលរងការរាលដាល នៃជំងឺកូវីដ១៩ ក៏ដោយក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ទទួលបាន លទ្ធផលយ៉ាងល្អ ដោយការគាំទ្រ និងការរួមចំណែករបស់ រដ្ឋាភិបាលចិន។
ចិនដែលជាមហាអំណាចមួយនៅអាស៉ី ធ្លាប់ប្រកាសជាសកលថា ខ្លួនមានឆន្ទៈជួយកម្ពុជាតាមតម្រូវការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយមិត្តចិនតែងតែឧបត្ថម្ភម៉ាស សម្ភារវេជ្ជសាស្ត្រ អំណោយ ជំនួយបច្ចេកទេស ក៏ដូចជាវ៉ាក់សាំងរាប់លានដូសជារៀងរាល់ខែ ដល់កម្ពុជាពិតមែនផងដែរ។
ស្របពេលជាមួយគ្នានេះ ដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែងតែបន្តផ្តល់ម៉ាសទាំងនោះ ដល់បណ្តារដ្ឋបាល រាជធានី-ខេត្តនានា ដើម្បីយកទៅចែកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាក់ស្តែង ដោយសារតែសង្កេត ឃើញថា ខេត្តកំពង់ចាម កំពុងរងការរាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្រេចបរិច្ចាគម៉ាស ចំនួន ១០ម៉ឺនបន្ទះ ដល់រដ្ឋបាលខេត្តនេះ។
ឆ្លៀតឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណយ៉ាងស្មោះជូនរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែក យ៉ាងច្រើនក្នុងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យរួមទាំងការការពារអធិបតេយ្យភាពកម្ពុជា៕