(សៀមរាប)៖ លោក Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានសន្និបាតទូទៅ នៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ: កម្មាធិការអន្តរជាតិ ICC ព្រះវិហារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ បានបំពេញទស្សនកិច្ច ដើម្បីស្វែងយល់ពីការងារ អភិរក្សប្រាសាទដែលជាតំបន់ បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រីបានទស្សនាប្រាសាទ បេងមាលា ដែលជាប្រាសាទដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរ ជាពិសេសជនជាតិចិន ផ្ទាល់តែម្តង។ បន្ទាប់មកគណៈប្រតិភូក៏បានបន្តទស្សនាប្រាសាទតាកែវ ដែលជាប្រាសាទកំពុងអភិរក្ស និងជួសជុលស្តារឡើងវិញ ក្រោមជំនួយរបស់រដ្ឋាភិបាលចិនផ្ទាល់តែម្តង បន្ទាប់ពីបានបញ្ចប់ការងារ ជួសជុលប្រាសាទ ចៅសាយទេវតាទាំងស្រុងរួចមក។
ប្រទេសចិនជាប្រទេសមហាអំណាច ទាំងសេដ្ឋកិច្ច និងវប្បធម៌ មិនត្រឹមតែប្រាង្គប្រាសាទ ក្នុងឧទ្យានអង្គរទេ ដែលទទួលបានជំនួយអភិរក្សពីរដ្ឋាភិបាលចិន ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌ ពិភពលោកមួយទៀតរបស់កម្ពុជា ក៏ទទួលបាននូវការពេញចិត្ត ពីរដ្ឋាភិបាលចិនដែរ ដោយប្រទេសចិនទទួល យកភារ:កិច្ចជាសហប្រធានគណ:កម្មាធិការអន្តរជាតិ ICC ព្រះវិហារ ជាមួយនិងប្រទេសឥណ្ឌា។
សូមជម្រាបថា កាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងមក ក្នុងកិច្ចពិភាក្សាជាមួយ លោក Li Xiaojie អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ចិន លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលចិន ឲ្យបន្តការងារជួយអភិរក្ស ជួសជុលប្រាង្គប្រាសាទជាបន្តទៀត ហើយ លោកក៏បានសំណូមពរឲ្យរដ្ឋាភិបាលចិន ជ្រើសរើសយកប្រាសាទបេងមាលា សម្រាប់កិច្ចការជាបន្តទៀត ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទតាកែវ។
ឆ្លើយតបចំពោះការអំពាវនាវនេះ គណ:ប្រតិភូជាន់ខ្ពស់ចិន បានទៅបំពេញទស្សនកិច្ច នៅប្រាសាទបេងមាលា ជាបន្តបន្ទាប់ ដើម្បីសិក្សាស្វែងយល់ពីកិច្ចការអភិរក្ស និងជួសជុលប្រាសាទបេងមាលា។ កាលពីដើមខែមិនា ឆ្នាំ២០១៦កន្លង មកនេះ លោក Xu yang អគ្គនាយករងនៃរាជបណ្ឌិតសភាចិន សម្រាប់បេតិកភណ្ឌវប្បធម៌ ក៏បានអញ្ជើញចុះពិនិត្យមើល ដោយផ្ទាល់នូវស្ថានភាពប្រាសាទបេងមាលា ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលចិនផងដែរ៕