(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទទួលអង្ករចំនួន ១០តោន និងមី២០កេសធំ ពីលោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកស្រីផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។
ស្បៀងអាហារនេះពិតជាមានសារៈសំខាន់បំផុត សម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ១៩។ លោកស្រីបានបន្តទៀតថា អំណោយសប្បុរសធម៌នេះ នឹងយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ។
លោកស្រីបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើន និងជោគជ័យ ក្នុងការងារមុខជំនួញនៅកម្ពុជា ហើយក៏សូមឲ្យក្រុមហ៊ុមបន្តជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀត លើការងារមនុស្សធម៌៕