(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយប្រធានអង្គភាពជំនាញ បានអញ្ជើញជិះតាមឧទ្ធម្ភាគចក្រដើម្បីបាចគ្រាប់ឈើចម្រុះ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលលើកទី១ហើយ នៃគម្រោងបាចគ្រាប់ពូជចូលព្រៃធម្មជាតិប្រមាណ៤០ម៉ឺនគ្រាប់ នៅក្នុងសហគមន៍ពាមល្វា ស្ថិតនៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានថ្លែងថា «នៅក្នុងថ្ងៃនេះយើងពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយនឹងបងប្អូន កូន ក្មួយទាំងអស់ក្នុងនាមរដ្ឋបាល ខ្ញុំផ្ទាល់មានមោទនភាពនៅពេលឃើញ ប្អូនៗ កូនក្មួយយើងចេះស្រឡាញ់នូវសម្បត្តិធម្មជាតិ និងបានចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យព្រៃឈើដីព្រៃឈើក្នុងប្រទេសកើនឡើង៧៥%ក្នុងនៃផ្ទៃប្រទេស»។

លោកអភិបាលខេត្ត បានបន្តថា ថ្ងៃនេះយើងដាំឈើក្នុងន័យអបអរសាទរ ០៩ កក្កដា បុណ្យរុក្ខាទិវាជាតិដាំដើមឈើ។ ជាមួយគ្នានេះដោយសារតែប្រទេសយើងមានសង្គ្រាមរ៉ាំរ៉ៃមាននយោបាយហែកហួរគ្នារហូតរាប់រយឆ្នាំ គឺសង្គ្រាមផ្ទៃក្នុងរហូត ហើយសង្គ្រាមខ្លះបានលក់ ឬដូរសម្បត្តិធម្មជាតិ យកទៅដូរដើម្បីទិញកាំភ្លើងយកមកចែកបក្ខពួកធ្វើសង្គ្រាមជាមួយគ្នា ចុងក្រោយអ្នកណាគឺខ្មែរយើងជាអ្នកខាតបង់។

លោកអភិបាលខេត្ត បានបន្ថែមថា ប្រសិនបើសិនជាយើងគ្មានមេដឹកនាំ សម្តេចតេជោ ហ៊ុន សែន យើងគិតថាតើពេលនេះយើងទាំងអស់គ្នាបានចូលរួមបាចគ្រាប់ឈើនេះបានដែលឬទេ?

លោកសូមថ្លែងលើកទឹកចិត្ត គាំទ្រជានិច្ចហើយ និងសូមថ្លែងកោតសរសើរ ដែលក្រុមហ៊ុនសម្រស់ធម្មជាតិ បានយកទ្រព្យធនរបស់ខ្លួនជាច្រើនមកជួយអភិវឌ្ឍន៍ក្នុងសហគមន៍។ លោកស្រី ស៊ុន្ទរី នួន ប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ បានលើកឡើងថា ក្រុមហ៊ុននឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភចំពោះគំរោងដែលមានឈ្មោះ (ព្យាបាលដំបៅផែនដី) ថែមទាំងធ្វើឲ្យសហគមន៍មានមុខរបបចិញ្ចឹមជីវិតជានិរន្តរភាពជារៀងរហូត។

លោក តាន់ គឹមសួរ ប្រធានគំរោង បានលើកឡើងដែរថា គំរោងរបស់ក្រោមជំនួយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ នឹងបាចគ្រាប់ពូជឈើចម្រុះឲ្យគ្រប់១លានគ្រាប់ទៅលើភ្នំខាងលើនាពេលដ៏ខ្លីខាងមុខនេះ៕