(ពោធិ៍សាត់)៖ ស្ពានឈើមួយកន្លែង នៅអូរក្របីងាប់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវភ្លើងព្រៃ រាលឆេះផ្ដាច់ផ្លូវ ធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ត្រូវបានអាជ្ញាធរស្រុក និងខេត្តចុះពិនិត្យ និង ធ្វើការរៀបចំស្ថាបនាឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ។
លោក ហេង សុភាណា អភិបាស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ថា ស្ពានដែលត្រូវភ្លើងឆេះនេះធ្វើអំពីឈើ មានបណ្ដោយ ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ត្រូវបានភ្លើងព្រៃឆេះខូចខាតទាំងស្រុង ដោយសារតំបន់នោះជាតំបន់នៅឆ្ងាយ ដាច់ស្រយាលពីគេ មិនមានអ្នកណាដឹងជួយពន្លត់ទាន់។
លោកអភិបាលស្រុកបានបន្តថា ស្ពាននេះគេបានកាប់ដើមឈើទាំងមូលដាក់តំរៀបគ្នា ហើយក្រាលឈើក្រាស់ៗ បណ្ដោះអាសន្ន ដើម្បីឆ្លងរថយន្តដឹកស្បៀងទៅឲ្យកងទ័ព កាលសម័យសង្គ្រាម ដោយពុំមានអ្នកបច្ចេកទេស ច្បាស់លាស់នោះទេ ។ នៅថ្ងៃនោះ ភ្លើងព្រៃ បានរាលមកឆេះជាច្រើនម៉ោង ដោយសារផ្លូវទីនោះស្ងាត់ មិនសូវមានអ្នកធ្វើដំណើរទៅមកនោះ ក៏បណ្ដាលឲ្យឆេះតាម សំរួលរហូតខូចស្ទើរតែទាំងស្រុងតែម្ដង។ ការឆេះស្ពានឈើនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែងនេះ បានធ្វើឲ្យស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរទៅមក ពីឃុំអូរសោម ទៅកាន់ទីរួមស្រុកវាលវែង ពីទីរួមស្រុកវាលវែង ទៅកាន់ឃុំអូរសោម អ្នកធ្វើដំណើរទៅ លេងតំបន់វារីអគ្គីសនីជាដើម ។
ជាក់ស្តែងទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ ក្រោមការចង្អុលការរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានរិះរកគ្រប់មធ្យោបាយ ដើម្បីតភ្ជាប់ចរាចរណ៍ឲ្យដំណើរការឡើងវិញ ហើយនៅពេលខាងមុខនេះ ផ្លូវនេះស្ថិតក្នុងគម្រោងស្ថាបនាជាផ្លូវកៅស៊ូ របស់ក្រុមហ៊ុនចិនវារីអគ្គីសនីផងដែរ។ សម្រាប់ការជួយគាំទ្រ និងឧបត្ថម្ភចំពោះការជួសជុលស្ពានខាងលើនេះ មានការជួយពីលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា៕