(សៀមរាប)៖ ក្រុមអាជីវករផ្សារលើធំថ្មី ដែលត្រូវអាជ្ញាធរបិទខ្ទប់ជាង ២សប្ដាហ៍មកហើយនោះ បាននាំគ្នាមកលក់នៅលើដងផ្លូវ ៦០ម៉ែត្រ។ ដោយបារម្ភពីការកកស្ទះចរាចរណ៍ អាជ្ញាធរបានសម្របសម្រួលឱ្យអាជីវករទាំងនោះ ទៅលក់លើផ្លូវបេតុងទើបស្ថាបនា ស្ថិតនៅមុខសណ្ឋាគារសុខា ជំនួសវិញ។

លោក រ៉ែម សារឿម ជាអ្នកលក់ជ្រក់ត្រសក់ និងស្ពៃ បានប្រាប់ថា លោកទើបមកលក់នៅថ្ងៃនេះ ហើយតាំងព្រឹកមកមិនទាន់លក់ដាច់នោះទេ។ អាជីវកររូបនេះ មិនសង្ឃឹមថា ម៉ូយដែលធ្លាប់ទិញ គេមកទិញដល់ទីតាំងថ្មីទេ ពីព្រោះទីនេះវាឆ្ងាយហើយក្តៅ។ អ្នកលក់ជ្រក់ជិត ១០ឆ្នាំរូបនេះ បញ្ជាក់ថា លោកបារម្ភពីការឆ្លងជំងឺដែរ តែបញ្ហាជីវភាពមិនអាចបន្តនៅស្ងៀមទៀតនោះទេ។

ចំណែកឯអ្នកមីង ម៉ង់ ហៀង ដែលជាអ្នកលក់បន្លែ បានប្រាប់ថា អ្នកមីងមកលក់នៅទីតាំងអាជ្ញាធររៀបចំនេះ ពីរថ្ងៃហើយ ហើយការលក់ដូរវិញ គឺមិនដាច់ទេ ពីព្រោះមកលក់ទីនេះថ្មី ហើយឆ្ងាយ។ អ្នកមីងបានរអ៊ូរថា «បើនៅតែលក់មិនដាច់ បន្លែនឹងខូចអស់ ខាតដើម អស់ប្រាក់បន្ថែមទៀត»

អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានឱ្យដឹងថា តាមពិតគោលការណ៍របស់អាជ្ញាធរ គឺចង់ឱ្យអាជីវករផ្សារលើធំថ្មីទាំងអស់ ដែលកំពុងផ្ទុះការរាលដាលជំងឺកូវីដ១៩ ខ្លាំងនោះ ផ្អាកលក់បណ្ដោះអាសន្ន ដើម្បីកាត់ផ្តាច់ចរន្តឆ្លងនេះ។ ប៉ុន្តែដោយអាជ្ញាធរយល់ពីទុក្ខលំបាករបស់អាជីវករ ទើបជួយសម្រួលទីតាំង ដើម្បីលក់បណ្ដោះអាសន្ន។

លោកអភិបាលក្រុង ទទូចឱ្យអាជីវករ ត្រូវការពារ និងគោរពតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវអំឡុងពេលលក់ដូរនេះចៀសវាងការរីករាលដាលជំងឺកូវីដ១៩៕