(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡា ឆ្នាំ២០២១-២០២៥» នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom៕