(ភ្នំពេញ)៖ អ្នកជំងឺកូវីដ-១៩ ដែលបាននិងកំពុងព្យាបាលនៅតាមផ្ទះ គិតមកដល់ម៉ោងនេះ បានកើនឡើងដល់ចំនួនជាង ៩០០នាក់ហើយ ហើយក្នុងចំនួននេះ ក៏មានអ្នកសះជាពីជំងឺនេះជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយតាមរយៈ Video Conference ជាមួយស្នងការការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន ៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជំងឺនេះ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន ៣១៧នាក់។

លោកបញ្ជាក់ថា «ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តឲ្យពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ»

លោកប្រធានមន្ទីរបន្តថា «ចំពោះអ្នកជំងឺដែលមាន និងកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាត ប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវពួកគាត់»

លោក ឃួង ស្រេង លើកឡើងថា ប្រជាពលរដ្ឋ ក្រោយការពិនិត្យធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរនិងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថា តើមានលទ្ធភាពទៅព្យាបាលនៅតាមផ្ទះទេ បើមានត្រូវជូនពួកគាត់មកផ្ទះខ្លាចពួកគាត់ទៅណា ផ្តេសផ្តាសមុនចូលផ្ទះ។

នៅផ្ទះទៀតសោធ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា (ឡាហ្គោ) ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង និងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលកូវីដ-១៩ មិនអនុញ្ញាតឲ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោង ទើបឲ្យយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំណោះការងារព្យាបាលនៅតាមផ្ទះនេះ ដោយអាយុជីវិត និងជោគវាសនាពួកគាត់ត្រូវពឹងពាក់មកលើយើងហើយ។

លោក ឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ពិតជាទទួលបានបានជោគជ័យ ដោយសារតែប្រជាពលរដ្ឋ ចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារនៃការព្យាបាលតាមផ្ទះនេះ។

គួរបញ្ជាក់ថា ការរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕