(កំពង់ឆ្នាំង)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេលសវនាការ និងកិច្ចនីតិវិធីផ្សេងៗ ទាក់ទិននឹងជនជាប់ឃុំក្នុងពន្ធនាគារ ព្រោះមានអ្នកឆ្លងជំងឺកូវីដក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដែលតម្រូវឲ្យមន្ដ្រីខ្លះត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សវនាការដែលមានជនជាប់ចោទ ជាជនជាប់ឃុំក្នុងពន្ធនាគារ ដូចបានគ្រោងទុក តាមរយៈដីកាកោះហៅ ឬលិខិតអញ្ជើញរបស់តំណាង អយ្យការអមសាលាដំបូងខេត្ត ព្រមទាំងការនាំជនជាប់ឃុំមកសាកសួរ ដំណាក់កាលស៉ើបសួរ នៅក្នុងចន្លោះពេលពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្កដដា ឆ្នាំ២០២១ ត្រូវបានលើកពេលទៅកាលបរិច្ឆេទលើកក្រោយវិញ លើកលែងតែករណីចាំបាច់ និងបន្ទាន់ណាមួយ ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នឹងធ្វើការជូនដំណឹងជាមុន។
ចំពោះសវនាការ និងការសាកសួរផ្សេងៗ ដែលពុំទាក់ទិននឹងជនជាប់ឃុំក្នុងពន្ធនាគារ នឹងដំណើរការទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក ហើយការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅតែដំណើរការជាធម្មតា ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល៕