(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ អមដំណើរដោយ ព្រះនាគមុនីមេគណខេត្ត និងសមាជិក សមាជិកាគណៈកម្មាធិការសាខា បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី២ ជាផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនជនមានពិការភាពក្រលំបាកម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ឈ្មោះ ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី ២នាក់ក្នុងបន្ទុក។ ដើមឡើយ គាត់មានមុខរបរជាជាងផ្សារដែក ប៉ុន្តែ ជាអកុសលកាលពី ២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលឲ្យជើងទាំង២ របស់គាត់រលាករលួយ ហើយទីបំផុតត្រូវកាត់ចោលក្រោមជង្គង់ ធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពពលកម្មរហូតមក។
លោក ទូច ឆៃ បន្តថា គ្រួសារនោះក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋ តាមរយៈប័ណ្ណក្រ១ អម្រែកមេគ្រួសារ បានធ្លាក់មកលើ ប្អូនស្រីជាប្រពន្ធ ដែលធ្លាប់ជាមេផ្ទះ បង្ខំចិត្តដើរស៉ីឈ្នួលជម្រះស្មៅ ឬមើលថែចំការតាមរដូវ ដើម្បីបានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តីពិការ និងកូនស្រីទាំង២នាក់។ ដោយលទ្ធភាពខ្សត់ខ្សោយ គ្រួសារនេះ រស់នៅក្នុងកូនខ្ទមទ្រុឌទ្រោម ដែលបិទបាំងដោយដែកសង្កសីចាស់ៗ ដែលបងប្អូន អ្នកជិតខាងផ្តល់ឲ្យ។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើប លោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនគ្រួសារនោះ សម្រាប់ស្នាក់នៅតទៅ ដែលត្រូវចំណាយទឹកប្រាក់ ក្នុងការសាងសង់អស់ជិត ១០លានរៀល ក្នុងនេះសាខាកាកបាតក្រហមខេត្ត បានបដិភាគចំនួន ១លានរៀល និងលោក អ៊ុន ចាន់ដា បានឧបត្ថម្ភ ១លានរៀល, ព្រះមេគណខេត្ត ១លានរៀល។ ក្រៅពីនោះ ជាការចូលរួមបំពេញបន្ថែមរបស់សប្បុរសជន និងក្រុមការងារ ចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ លោក ឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គីក្រាម ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៉ីអ៉ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។
ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១៣គ្រួសារទៀត ដែលបានចូលរួមនាពេលនោះ ទទួលបានអំណោយ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៉ីអ៉ីវ និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០ រៀលផងដែរ៕