(កំពង់ឆ្នាំង)៖ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានដឹកនាំសមាជិក នាំយកសម្ភារៈមួយចំនួនមានដូចជា សម្លៀកបំពាក់ពេទ្យ ម៉ាស អាល់កុល មី ទឹកសុទ្ធ ស្បែកជើង ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកក្កដានេះ។

ក្នុងចំណោមសម្ភារៈទាំងអស់ គឺសមាគមស្បែកជើងកម្ពុជា បានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង នូវសម្លៀកបំពាក់ពេទ្យ ២,០០០ឈុត និងម៉ាសចំនួន ១០,០០០បន្ទះ និងថ្នាំបុរាណាចិន ៤០០ប្រអប់ ក៏ដូចជាស្បែកជើង គ្រឿងឧបភោគបរិភោគ រួមមានទឹកសុទ្ធ និងមីផងដែរ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕