(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣នាក់ និងជាសះស្បើយចំនួន៥៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

អ្នកវិជ្ជមានខាងលើធ្លាប់ប៉ះពាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និងមួយចំនួនទៀតមានអាការៈមិនស្រួលខ្លួន បានធ្វើតេស្តសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាក ៥៤៨នាក់រកឃើញវិជ្ជមានកូវីដ១៩ចំនួន៣នាក់។ ចំណែកអ្នកជាសះស្បើយទាំង៥៩នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា នៅក្នុងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ១៩សរុបចំនួន៦០០នាក់ ,ព្យាបាលជាសះស្បើយចំនួន១៩០នាក់ និងស្លាប់ចំនួន៤នាក់៕